លទ្ធផលពីប៉ាស្ទ័រកម្ពុជា ខ្មែរឥស្លាម៩នាក់និងអ្នកបើករថយន្ត អវីជ្ជមាន Covid-19 គ្រប់គ្នា
ខេត្តពោធិ៍សាត់៖ ករណីមន្ទីរសុខាភិបាលខេត្តចុះឃាត់រថយន្តដឹកជនជាតិខ្មែរឥស្លាមមួយគ្រឿង ដើម្បីពិនិត្យរកវីរុសឆ្លងនោះ ជាលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញអោយដឹងនាព្រឹកថ្ងៃ២១ ខែមីនា ឆ្នាំ២០២០នេះថា ពុំបានរកឃើញមេរោគកូវីដ១៩ (Covid-19) នៅក្នុងសំណាករបស់បងប្អូនជនជាតិខ្មែរឥស្លាម រួមទាំងអ្នកបើកបរទាំង១០នាក់នោះឡើយ ។
បើតាមលោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានអោយដឹងយ៉ាងដូច្នេះថា “ឆ្លងតាមការពិនិត្យយ៉ាងល្អិតល្អន់ពីសំណាក់ក្រុមវេជ្ជបណ្ឌិត ក្នុងវិទ្យាស្ថានប៉ាស្ទឺរកម្ពុជា គឺអវិជ្ជមានទាំងអស់ សូមចូលរួមអបអរសាទរ គិតត្រឹមព្រឹកនេះ ខេត្តពោធិ៍សាត់ ពុំទាន់មានករណីកូវីដ១៩ នៅឡើយទេ ប៉ុន្តែទាមទារឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ រហូតដល់មានការធូរស្រាលឡើងវិញ” ។
សូមរម្លឹកថា កាលពីថ្ងៃទី១៩ មីនា ២០២០កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ កម្លាំងសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងសន្តិសុខខេត្ត កម្លាំងប៉ុស្តិ៍រដ្ឋបាលក្បាលត្រាច និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកក្រគរ បានចុះឃាត់រថយន្តមួយគ្រឿង ដែលដឹកជនជាតិខ្មែរឥស្លាម ធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ នៅឯខេត្តត្បូងឃ្មុំ ហើយត្រូវបានគេសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ដូចគ្នា ដើម្បីបញ្ជូនដាក់ឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ និងយកសំណាក មកធ្វើតេស្ត ជៀសវាងមានការចម្លងដល់ពលរដ្ឋ ។
ការចុះឃាត់រថយន្តដឹកជនជាតិខ្មែរឥស្លាមនេះ គឺធ្វើឡើងបន្ទាប់ពីមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានផ្តល់ព័ត៌មានមក ថាមានបងប្អូនជនជាតិខ្មែរឥស្លាមរស់នៅខេត្តពោធិ៍សាត់ ចំនួន៩នាក់ ជិះរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2M-7052 បើកបរដោយឈ្មោះ យូ សុះ (មិនស្គាល់ទីលំនៅ) បានចេញដំណើរពីខេត្តត្បូងឃ្មុំ វិញត្រឡប់ទៅពោធិ៍សាត់វិញ ខណៈដែលពួកគាត់ទាំងអស់នោះ នៅជិតនឹងអ្នកដែលផ្ទុកមេរោគកូវីដ-១៩ នឹងមិនព្រមអនុញ្ញាតឱ្យមន្ត្រីសុខាភិបាល យកសំណាកទៅពិនិត្យ ៕