អភិបាលខេត្តដាក់ឲ្យអនុវត្តវិធានការពារ បង្ការនិងទប់ស្កាត់ ដើម្បីប្រយុទ្ធនិងការឆ្លងជំងឺកូវីត១៩

ខេត្តក្រចេះ: អភិបាលខេត្តក្រចេះជុំរុញដល់មន្ត្រីថ្នាក់ដឹកនាំខេត្ត អភិបាលក្រុងស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ឲ្យបង្កើនការយកចិត្តទុកដាក់អនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលជាបន្ទាន់ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ឲ្យមានប្រសិទ្ធភាពខ្ពស់។ ការដាក់វិធានការនេះដោយមានបញ្ហានៃការរីករាតត្បាលឆ្លងនូវជំងឺកូវីត១៩គឺជាបញ្ហាសកលដែលពិភពលោកក៏ដូចរាជរដ្ឋា​ភិបាលកម្ពុជាយើងបាន និងកំពុងយកចិត្តទុកដាក់ការបង្ការនិងការទប់ស្កាត់ដោយដាក់ចេញទាំងវិធានការ នៃការអប់រំផ្សព្វផ្សាយនិងណែនាំ របស់រាជរដ្ឋាភិបាលក៏ដូចក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ។ ជាក់ស្ដែងដោយគោរព និងអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលផង និងដោយឃើញស្ថានភាពនៃចំនួនអ្នកផ្ទុកវិរុសកើនឡើងផង ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បើកកិច្ចក្នុងប្រជុំពិសេស ស្តីអំពីការដាក់វិធាន និងការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលដើម្បី​ទប់ស្កាត់កូវីត១៩ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២០។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានស្នើឲ្យអនុវត្តវិធានការ សំខាន់ៗមួយចំនួនរួមមាន៖ រដ្ឋបាលក្រុងស្រុក ត្រូវអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីអំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃការឆ្លងជំងឺកូវីត១៩ មានដូចជា ការបិទផ្អាកជាបណ្តោះអាសន្ន នូវកន្លែងមណ្ឌលកម្សាន្ត, KTV, ការជួបជុំ ឬប្រមូលផ្តុំមនុស្សច្រើន (រួមទាំងពិធីសាសនា), ការហាមឃាត់ប្រជាពលរដ្ឋកម្ពុជា និងវៀតណាម ធ្វើចរាចរឆ្លងច្រកព្រំដែន និងពិនិត្យតាមដានសភាពការណ៍ផ្សេងៗទាក់ទងនឹងការឆ្លងជំងឺកូវីត១៩។ ស្នើរឲ្យមន្ទីរសុខាភិបាល មានវិធានការបាញ់ថ្នាំដើម្បីសម្លាប់មេរោគជាបន្ទាន់ នៅតាមទីប្រជុំជន នៅតាមផ្សារ និងនៅតាមច្រកព្រំដែនជាដើម ហើយត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះការបាញ់ថ្នាំសម្លាប់មេរោគនេះ ព្រោះវាអាចចូលរួមកាត់បន្ថយអត្រានៃការឆ្លង និងបានណែនាំអោយមាន​ការយកចិត្តទុកដាក់តាមដានសុខភាពប្រជាពលរដ្ឋ ខណៈ​វិរុសកូវីដ១៩ កំពុងរាលដាលនៅតាមខេត្តមួយចំនួន និងជម្រុញដល់ក្រុមគ្រូពេទ្យ មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ទន្ទឹមនឹងការព្រួយបារម្ភ និងការភ័យក្លាចឆ្លងជំងឺកូវីដ១៩នេះដែរ ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំដល់សាធារណៈជនទូទៅអោយមានការការប្រុងប្រយ័ត្ន និងការពារសុខភាពខ្លួនផងដែរ។ ជាពិសេសរួមគ្នាឆ្លើយតបចំពោះអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងចេតនាបំពុលសង្គម ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងមិនភ័យខ្លាច ។
ពាក់ព័ន្ធទៅនិងកម្ពុជា និងវៀតណាម ហាមឃាត់ប្រជាពលរដ្ឋមិនឲ្យធ្វើចរាចរឆ្លងកាត់ព្រំដែនក៏ពិតមែន ប៉ុន្តែ នៅតាមច្រកទ្វារទ្វេរភាគី និងច្រកទ្វារព្រំដែនអន្តរជាតិ បានសម្រេចអនុញ្ញាតឲ្យចរាចរទំនិញឆ្លងកាត់តាមធម្មតា ដោយភាគីទាំងពីរត្រូវផ្ទេរផ្ទូរទំនិញនៅចំណុចស ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃភាគីទាំងពីរ។


សូមបញ្ជាក់ថា តាមរបាយការណ៏របស់មន្ទីរសុខាភិបាលខេត្តចំពោះបញ្ហាជំងឺឆ្លងកូវីត១៩ដែលកើតឡើងលើប្រជាពលរដ្ឋគិតត្រឹមថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២០ នៅខេត្តក្រចេះគ្មានអ្នកជំងឺឆ្លងកូវីត១៩ នោះទេ តែពេលនេះមន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកមណ្ឌលសុខភាព បាននិងកំពុងធ្វើការអបរំសុខភាព ផ្សព្វផ្សាយស្ដីពីវិធានការបង្កាការពារ និងទប់ស្កាត់ ស្ថានភាពជំងឺដល់ប្រជាពលរដ្ឋតាម​សហគមន៏​អោយមានការការប្រុងប្រយ័ត្ន និងការពារសុខភាពខ្លួនផងដែរ ៕ by Saing Vuthy

អត្ថបទដែលជាប់ទាក់ទង