ក្រុមហ៊ុនកាសុីណូកាឡាក់សុី​ CALAXYផ្តល់អាល់កុល ២៦០០០លីត្រដល់រាជរដ្ឋាភិបាលរួមចំណែកប្រយុទ្ធនឹងជម្ងឺកូវីត១៩

ខេត្តបន្ទាយមានជ័យ៖ ដើម្បីរួមចំណែកក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងការរាតត្បាតឆ្លងជម្ងឺកូវីត១៩ (COVID-19) ក្រុមហ៊ុន​កាសុីណូកាឡាក់សុីនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានផ្តល់អាល់​កុល២៦.០០០លីត្រដល់រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល ។


ការផ្តល់ជូនធ្វើឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នៅក្នុងក្រុមហ៊ុននេះ នាភូមិក្បាលស្ពាន១ សង្កាត់​/ក្រុងប៉ោយប៉ែត ដោយមានលោក ទៀ ចាង តំណាងលោក លី បាក់ឡេង អគ្គនាយក លោក សំប៊ូន នៃក្រុមហ៊ុនកាសុីណូកាឡាក់សុី(Galaxy Casino )និងទទួលដោយ​ ឯកឧត្ដម​ អ៊ុំ​ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទិរសុខាភិបាលខេត្ត តំណាងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតព្រមទាំងតំណាងមកពីខេត្តមួយចំនួន ។


លោក ទៀ ចាង បានអោយដឹងថា មេនិងអាល់កុលលាងដៃលាយស្រេចទាំងនេះ ផលិតនៅប្រទេសថៃ ហើយត្រូវបានស្នើគោរពផ្តល់​ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តទៅក៏ត្រូវប្រគល់ជូនក្រសួងសុខាភិបាលៗ ត្រូវបែងចែកអំណោយនេះអោយដល់មន្ទីរសុខាភិបាលរាជធានី/ខេត្ត២៤ ។
ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យ ក្រុមហ៊ុនបានផ្តល់ជូន ៦០០០លីត្រ ក្នុងនោះបែងចែកជូនក្រុងប៉ោយប៉ែត ៣០០០លីត្រនិង ៣០០០លីត្រទៀតសម្រាប់ស្រុកក្រុងនានា ។
ឯកឧត្ដម​ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណ​និងវាយតម្លៃខ្ពស់ចំពោះកាយវិការ និងសន្តានចិត្តសប្បុរសធម៍របស់ក្រុមហ៊ុនកាសុីណូកាឡាក់ស៊ីនាពេលនេះក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំង​​នឹងមេរោគ/ជម្ងឺកូវីត១៩ ដែលបាននឹងផ្ទុះឡើង ហើយរាល​ដាលជាសាកលក្នុងពិភពលោកនិងនៅប្រទេសកម្ពុជានេះ ។


ឯកឧត្ដម​បានបន្តថា កន្លងមក ក្រុមហ៊ុននេះ ក៏ដូចក្រុមហ៊ុន អាជីវករ សប្បុរសជននានា ក៏តែងបានបរិច្ចាគធនធានថវិកាចូលរួមសកម្មភាពសប្បុរសធម៍ មនុស្សធម៍ជាមួយអាជ្ញាធរមានសមត្ថកិច្ច​ និងកាកកបាទក្រហមកម្ពុជាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង