ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ បកស្រាយអំពីអ្វីដែលហៅថា​ការឆ្លងនៅក្នុងសហគមន៍៍

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួង​សុខាភិបាល បានឱ្យដឹងតាមរយៈបណ្តាញតេឡេក្រាម នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះថា ការឆ្លងនៅក្នុងសហគមន៍គឺការឆ្លងជំងឺអ្វីមួយ​ដោយ​ពុំមាន​ដឹងប្រភព​ច្បាស់លាស់។

ឯកឧត្តមបានលើកឡើងដូច្នេះថា៖ “ឧទាហរណ៍ថានៅក្នុងភូមិមួយដែលមាន​មនុស្ស​សុខៗ​ស្រាប់តែឈឺ ហើយបន្ទាប់ពីធ្វើតេស្តរកមេរោគ គឺគាត់វិជ្ជមានវីរុសកូវីដ១៩ ហើយយើង​ពុំអាច​រកប្រភពចម្លង នៃមេរោគដែលបានចម្លងទៅអ្នកជំងឺនោះឃើញ នេះហើយគឺជាការឆ្លង​នៅក្នុង​សហគមន៍ ដែលមេរោគបានរីករាលដាលដោយពុំដឹងប្រភពនៃមេរោគ។”

ឯកឧត្តមវេជ្ជបណ្ឌិតបានបន្ថែមថា ករណីទាំង ៥៣នៅប្រទេសកម្ពុជា គឺភាគច្រើន ជាករណីនាំ​ចូលទាំងអស់ លើកលែងតែករណីបុរសជនជាតិខ្មែរនៅក្នុងខេត្តសៀមរាប ដែលបានប៉ះពាល់​ផ្ទាល់​ជាមួយនឹងបុរសជនជាតិជប៉ុន ដែលវិជ្ជមានកូវីដ១៩ ហើយមកពីក្រៅប្រទេស និង​ករណី៣ករណីទៀត គឺជាអ្នកប៉ះពាល់ដោយផ្ទាល់ និងខ្លះប្រយោល ជាមួយអ្នកជំងឺ​ដែលមកពី​ក្រៅប្រទេសដូចគ្នា។ ដើម្បីបង្ការការរីករាលដាលនៅក្នុងសហគមន៍នេះ ក្រសួងសុខាភិបាល មានប្រព័ន្ធតាមដាននៅក្នុងសហគមន៍ផងដែរ ដូចជាប្រព័ន្ធតាមដានជំងឺផ្តាសាយ ជំងឺរលាកសួត ហើយសំណាកអ្នកជំងឺទាំងនេះ គឺក្រសួងសុខាភិបាលក៏បានយកទៅវិភាគ​នៅវិទ្យាស្ថានប៉ាស្ទ័រ​ផងដែរ ដើម្បីរកវីរុសកូវីដ១៩ បើទោះជាប្រជាពលរដ្ឋទាំងនោះ​ពុំមានប្រវត្តិធ្វើដំណើរ​ទៅក្រៅ​ប្រទេស ឬត្រលប់មកពីក្រៅប្រទេស ហើយតាមរយៈការវិភាគសំណាកទាំងនោះ គឺពុំមាន​ប្រជាពលរដ្ឋណា​ម្នាក់មានវីរុសកូវីដ១៩នោះទេ ហេតុដូច្នេះហើយទើបឯកឧត្តមហ៊ានអះអាងថា ពុំទាន់រកឃើញភស្តុតាងណាមួយដែលថា កម្ពុជាមានការឆ្លងវីរុសកូវីដ១៩ក្នុងសហគមន៍ នៅឡើយ​​ទេ​រហូតមកទល់ថ្ងៃនេះ។

ការព្រួយបារម្ភអំពីការរីករាលនៅក្នុងសហគមន៍ គឺបន្ទាប់ពីមានរបាយការណ៍នៃ​ចំនួនខ្មែរឥស្លាម​ចំនួន៧៩នាក់ ដែលបានធ្វើដំណើរទៅចូលរួមពិធីសាសនាមួយនៅប្រទេសម៉ាឡេស៊ី ហើយពួក​គាត់​បានត្រឡប់មកប្រទេសកម្ពុជាវិញ ដោយក្នុងចំណោមខ្មែរឥស្លាមទាំង ៧៩នាក់នោះ គឺមាន​អ្នក​វិជ្ជមានវីរុសកូវីដ១៩ ចំនួន ២៣នាក់ហើយ ដោយសារពួកគាត់បានប្រាស្រ័យទាក់ទង​ជា​មួយ​ប្រជាជនក្នុងសហគមន៍គាត់ និងធ្វើដំណើរចុះឡើងពីតំបន់មួយទៅតំបន់មួយទៀត ទម្រាំមានការ​រកឃើញថាពួកគាត់វិជ្ជមានវីរុសនេះ។

ប៉ុន្តែបន្ទាប់ពីក្រសួងសុខាភិបាលបានធ្វើការវិភាគសំណាក ខ្មែរឥស្លាមទាំង ៧៩នាក់នោះមក លទ្ធផលបានបង្ហាញថា មានចំនួន ២៣នាក់វិជ្ជមានកូវីដ១៩ ហើយ ក្នុងនោះអ្នកប្រាស្រ័យទាក់​ទងជាមួយមនុស្សទាំង ២៣នាក់នេះ ប្រមាណ៣០០នាក់ ក៏បានធ្វើតេស្តហើយផងដែរ ដោយ​បាន​រកឃើញថាមានចំនួន ៥នាក់ឆ្លងជំងឺនេះ គឺសុទ្ធតែជាអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ឬជាក្រុមគ្រួសាររបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង