ក្រសូងធនធានទឹកនិងឧតុនិយម គ្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធានាជួយដល់កសិករមានទឹកប្រើប្រាស់គ្រប់គ្រាន់បង្កបង្កើនផល និងជីវភាពប្រចាំថ្ងៃ
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានមាន ប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូយ៉ាងច្បាស់លាស់ទៅលើបញ្ហាធារាសាស្រ្តនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីជួយសំរួលដល់ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ និងបានគិតពីជីវិភាពរបស់បងប្អូនប្រជាពលរដ្ឋយើងនៅតាមព្រំដែនដែរប្រឈមនឹងការកង្វះទឹក ។
ឯកឧត្តមបានបន្តថា បើតាមក្រសួងសង្កេតមើលស្ថានភាពនៅតាមតំបន់ខ្លះឃើញថា ក្រសួងបានធ្វើការអនុត្តរភាពធារាសាស្ត្រ ហើយរចនាសម្ព័ន្ធយើងមួយចំនួន ដែលបានអភិវឌ្ឍជាពិសេស គឺប្រព័ន្ធធារាសាស្ត្រខ្នាតធំ របស់យើងមួយផ្នែក គឺអាចធ្វើបានតែអាងទឹក ប្រឡាយមេ ឬក៏ប្រឡាយរងថ្នាក់ទី១ ហើយតំបន់ផ្ទៃដីដែលត្រូវទទួលការស្រោចស្រពមួយចំនួន នៅកៀកនឹងប្រភពទឹក ឯមួយផ្នែកទៀត ស្ថិតនៅឆ្ងាយពីប្រភពទឹកនៅឡើយ ដូច្នេះការធ្វើអនុត្តរភាពធារាសាស្ត្រ និងមានការពង្រីកលទ្ធភាពស្រោចស្រពតាមរយៈការសាងសង់ប្រឡាយបន្ថែម ដើម្បីទាញប្រភពទឹកពីប្រឡាយមេនេះ ឲ្យកាន់តែកៀក ទៅនឹងស្រែរបស់បងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តមបានបន្តទៀតថា ក្រសួងមានគោលដៅ បន្តកិច្ចសហការល្អជាមួយនឹងបណ្ដាប្រទេសជាមិត្ត ក៏ដូចជាដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ទាំងផ្ទៃអាងទឹក ទាំងប្រព័ន្ធធារាសាស្ត្រ ក៏ដូចជាការស្ដារនៅស្ទឹង ឬក៏ប្រឡាយមេមួយចំនួនទៀត ដើម្បីធ្វើយ៉ាងណា ឱ្យកម្ពុជាយើងឈានទៅមានសន្តិសុខទឹកសម្រាប់ប្រទេសផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ។
កត្តាសំខាន់មួយទៀតដែរ ជាការប្រាថ្នាក៏ដូចជាការប្រាជ្ញារបស់ឯកឧត្តមរដ្ឋមន្ត្រី ទាក់ទងជាមួយការប្រើប្រាស់ទឹកនៅតាមព្រំដែន រាល់ថ្ងៃយើងមានគណៈកម្មាធិការប្រើប្រាស់ទឹក នៅតាមព្រំដែនរវាងកម្ពុជាជាមួយនឹងភាគីវៀតណាមក៏ដូចជាផ្នែកតូចជាមួយនឹងភាគីថៃ យើងឃើញមានការប្រឈមដោយសារតែ តំបន់របស់យើងមួយចំនួន ដូចជាតាកែវ កណ្ដាល កំពត ព្រៃវែង ស្វាយរៀង តំបន់ដែលស្ថិតនៅជិតព្រំដែន យើងប្រើរបបទឹកជោរនាច ចឹងពេលខាងវៀតណាម ទឹកដែលហូរចូលមកយើងទាញទឹកហ្នឹងមកប្រើប្រាស់ ប៉ុន្តែតំបន់មួយចំនួន គឺក្នុងគោលបំណងទៅថ្ងៃអនាគត យើងប្រើប្រាស់សក្តានុពលទឹករបស់យើងដែលមាននៅក្នុងប្រទេសរបស់យើងបង្វែរទៅកាន់ព្រំដែនទាំងនោះ ក្រៅពីការប្រើប្រាស់ទឹកចូលនាចរវាងប្រទេសទាំងពីរ យើងក៏មានផែនការរួចហើយក្នុងការដោះស្រាយបញ្ហានេះយើងប្រើប្រាស់ប្រភពទឹកនៅក្នុងប្រទេសរបស់យើងហើយបញ្ជូនទៅកាន់តំបន់ដែលមានការប្រឆាំងនោះ អញ្ចឹងទេថ្ងៃអនាគតអាចនិយាយបានថា យើងមិនដកដង្ហើមតាមច្រមុះគេទាំងស្រុងទេ គឺថាយើងមានប្រភពរបស់យើងច្បាស់លាស់នៅក្នុងការផ្គត់ផ្គង់នៅតាមតំបន់ព្រំដែន ។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនេះ នឹងអាចមានលទ្ធភាពទាញប្រភពទឹកពីទន្លេបាសាក់ ចែកចាយទៅតាមបណ្តាខេត្តដូចជា ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តរតនគិរី ខេត្តក្រចេះ និងស្ទឹងត្រែង ព្រៃវែង និងស្វាយរៀង ៕