សេចក្តីព្រាងច្បាប់ចំនួន៣ ពាក់ព័ន្ធនឹងការអភិវឌ្ឍថាមពលអគ្គិសនី នឹងត្រូវរដ្ឋសភាអនុម័តថ្ងៃខានស្អែក

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ចំនួន៣ ពាក់ព័ន្ធនឹងការអភិវឌ្ឍថាមពលអគ្គិសនីនឹងត្រូវរដ្ឋសភាអនុម័តនៅថ្ងៃខានស្អែកនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនឯកជនដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែមីនានេះ ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ដែលនឹងត្រូវឆ្លងការពិនិត្យពិភាក្សា និងអនុម័ត ក្នុងកិច្ចសម័យប្រជុំវិសាមញ្ញរដ្ឋសភានៅថ្ងៃទី២៦ ខែមីនានេះ មានសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យទៅក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសមិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអនុភាព៧០០មេហ្កាវ៉ាត់ នៅខេត្តកោះកុង។
ជាមួយគ្នានេះ ក៏នៅមានសេចក្តីព្រាងច្បាប់ចំនួន២ទៀតគឺ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យទៅក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអនុភាព២៦៥មេហ្កាវ៉ាត់ នៅខេត្តឧត្តរមានជ័យ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យទៅក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅខេត្តឧត្តរមានជ័យមកអនុស្ថានីយសៀមរាបខាងកើត។


ឯកឧត្តម ឡេង ប៉េងឡុង បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំង៣នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្នើសុំការអនុម័តយល់ព្រមពីសភាដោយចាត់ទុកជាការប្រញាប់ ដើម្បី​ផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគ៕

អត្ថបទដែលជាប់ទាក់ទង