ខឹងចោរលួចទូរស័ព្ទ ជនរងគ្រោះក្លាយជាជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួន
ខេត្តកំពង់ធំ៖ បុរសម្នាក់ខឹងចោរលួចទូរស័ព្ទខ្លួន បានយកដុំថ្មនិងដងអំបោសឬស្សីវាយទៅលើជនរងគ្រោះចំក្បាល និងផ្ទៃមុខបណ្តាលឲ្យរបួសធ្ងន់ធ្ងរបានក្លាយខ្លួនជាជនសង្ស័យទៅវិញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៥១នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ។ ម្ចាស់ទូរស័ព្ទជាជនសង្ស័យឈ្មោះ កា ច្រឹក ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិ.សង្កាត់ខាងលើ មុខជារបរកម្មករ ។ ចំណែកចោរជាជនរងគ្រោះឈ្មោះ នួន ណាន ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិសង្កាត់ជាមួយគ្នា មុខរបរមិនពិតប្រាកដ។
មុនពេលកើតហេតុ ចោរជាជនរងគ្រោះបានលួចទូរស័ព្ទ ម្ចាស់ទូរស័ព្ទជាជនសង្ស័យចាប់បាន ក៍យកដុំថ្មនិងដងអំបោសឬស្សីវាយទៅលើជនរងគ្រោះចំក្បាល និងលើផ្ទៃមុខបណ្តាលឲ្យរបួសជាទម្ងន់ ស្ទើរស្លាប់ស្ទើររស់ ត្រូវបានរថយន្តពេទ្យដឹកទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅឃាត់ខ្លួនម្ចាស់ទូរស័ព្ទជាជនសង្ស័យកសាងសំណុំរឿងតាមនីតិវិធី៕