ត្រូវដឹងថា ហេតុអ្វីបុរសជនជាតិខ្មែរនៅខេត្តសៀមរាប មិនទាន់ជាពីជំងឺឆ្លងកូវីដ១៩
ភ្នំពេញ៖ បុរសខ្មែរយើងម្នាក់ អាយុ៣៨ឆ្នាំ ដែលឆ្លងជំងឺកូវីដ១៩ ពីបុរសជនជាតិជប៉ុន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនោះ រហូតមកដល់ថ្ងៃទី២៥ ខែមីនានេះ មិនទាន់ជាសះស្បើយនៅឡើយទេ ។
គួរម្លឹកផងដែរថា កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានអះអាងថា បុរសជនជាតិខ្មែរម្នាក់ ដែលបានឆ្លងមេរោគពីបុរសជនជាតិជប៉ុនកន្លងទៅ ត្រូវបានធ្វើតេស្ត ចំនួន ៧ដងហើយ ជាលទ្ធផលបង្ហាញថា មានផ្ទុកវីរុសដដែល ប៉ុន្តែមានតិចទេ មូលហេតុ នៃការបន្តមានវីរុសកូវីដ១៩ គឺដោយសារបុរសរូបនោះ មានជំងឺរលាកថ្លើម ប្រចាំកាយ ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប សង្ឃឹមថា នឹងអវិជ្ជមាននៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ។
គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកកើតជំងឺកូវីដ១៩ឆ្លងមកកម្ពុជា សរុបចំនួន ៩៣នាក់ហើយ។
ក្នុងនោះ មានអ្នកជាសះស្បើយ ៦នាក់ ជាបុរសជនជាតិខ្មែរនិងឥស្លាម ៤នាក់ នៅខេត្តត្បូងឃ្មុំ និងខេត្តបាត់ដំបង ព្រមទាំងបុរសចិនម្នាក់ និងស្ត្រីអង់គ្លេសម្នាក់ ៕