សម្ដេចតេជោ ហ៊ុន សែន បង្ហាញនូវដំណាក់កាលចំនួន៥ និងលើកឡើងពី​ការ​ធ្លុះធ្លាយនៃ​ការឆ្លង​ជំងឺកូវីដ-១៩ ចូលមកកម្ពុជា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញអំពី​ដំណាក់​កាលជាបន្ដបន្ទាប់ចំនួន៥ និងលើកឡើងពីការធ្លុះធ្លាយ​នៃ​ការឆ្លងជំងឺកូវីដ-១៩ ចូល​មក​កម្ពុជា ខណៈ​កម្ពុជា​បាត់​បង់នូវការប្រុងប្រយ័ត្ន និង​មិនបាន​ធ្វើការត្រួតពិនិត្យឱ្យបានច្បាស់លាស់នោះ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រឆាំងនឹងជំងឺ​កូវីដ-១៩ ​នា​ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានលើក​ឡើងថា ក្នុងដំណាក់កាលទី១ នៃការចាប់ផ្ដើមធ្លុះធ្លាយការឆ្លងជំងឺកូវីដ-១៩ ដំបូងគឺ​មកពីជនជាតិ​ជប៉ុន​ម្នាក់​ដែលចេញមកពីប្រទេសជប៉ុន មកវៀតណាម ចេញពី​វៀតណាម មកកាន់ខេត្ដសៀមរាប ចេញពីសៀមរាបទៅហ្វីលីពីន ចេញពីហ្វីលីពីន​ទៅថៃ ចេញពីថៃមកសៀមរាបវិញ ហើយ​ចេញពីសៀមរាប ទៅវៀតណាម។

សម្ដេចតេជោបានថ្លែងថា ក្នុងដំណាក់​​កាលទី២ គឺការធ្លុះ​ធ្លាយ​ដែល​កម្ពុជាបាត់ការ​ប្រុងប្រយ័ត្នពីបញ្ហាបណ្ដាលមកពីនាវាទេសចរណ៍​ដែលចេញមកពី​ក្រុង​ហូជីមិញ ប្រទេសវៀតណាម ចូលមកដល់រាជធានីភ្នំពេញ និងបានចេញដំណើរ​ដល់​ខេត្ដកំពង់ចាម។ សម្ដេចតេជោតេជោបានគូសបញ្ជាក់ថា នេះគឺជាការធ្លុះធ្លាយដ៏ធំ ដែល​កាលពី​មុននេះ ខាងភាគីវៀតណាម​ហាក់​ដូចជាសង្ស័យថា ជំងឺកូវីដ-១៩ នេះចេញមកពី​កម្ពុជា។ ប៉ុន្ដែផ្ទុយទៅវិញជំងឺនេះ ចេញមកពីវៀតណាម ហើយជំងឺ​នេះ បើតាមដឹងជន​ជាតិអង់​គ្លេសពីរនាក់គឺបានធ្វើដំណើរដល់​ទីក្រុងហាណូយ និងជិះយន្ដហោះមកពីហាណូយ ទៅ​ហូជីមិញ បន្ទាប់មកចុះជិះតាមនាវា ចូលមក​កម្ពុជា។ ឥឡូវនេះ ក្រៅពីបីនាក់ដែលបាន​ឆ្លងជំងឺកូវីដ-១៩ និងម្នាក់បានជាសះ​ស្បើយ​​រួច​ហើយ នៅសល់ជនជាតិអង់គ្លេស ជនជាតិ​អាមេរិកាំង២នាក់។ សម្ដេចតេជោបានបន្ដថា ការធ្លុះធ្លាយទី៣ ជនជាតិ​បារាំង​ដែលធ្វើដំណើរឆ្លង​កាត់​ប្រទេសសិង្ហបុរី ត្រូវបានរកឃើញប្ដី និងកូនអាយុ៤ខែ មាន​វីរុស​កូវីដ-១៩ និង​បន្ដ​ឆ្លងដល់ម្ដាយ​ទៀត។ បន្ទាប់មកជនជាតិកាណាដា ជានាយកសាលាអន្ដរជាតិ​កាណាដា និងជន​ជាតិ​បែលហ្ស៊ិក​ម្នាក់បានឆ្លងជំងឺកូវីដ-១៩នេះ។ ចំពោះការធ្លុះធ្លាយទី៤ បងប្អូនខ្មែរឥស្លាមដែល​ចេញទៅ​ធ្វើពិធីសាសនានៅប្រទេស​ម៉ាឡេស៊ី ពេលត្រឡប់ចូលមកកម្ពុជាវិញ​បានឆ្លង២៣​នាក់ ក្នុងចំណោម ៧៩នាក់ ក្នុងនោះក៏បានឆ្លងដល់ប្រពន្ធ១ករណីនៅខេត្ដបាត់ដំបង និងបាន​ឆ្លងទៅដល់​វិហារ​ឥស្លាមមួយចំនួនទៀត។ ជាមួយគ្នានេះ ការធ្លុះធ្លាយទី៥ បណ្ដាលមកពីជន​ជាតិ​បារាំងឆ្លងកូវីដ-១៩ ចំនួន៣៤នាក់ នៅខេត្ដព្រះសីហនុ ដែលជាការធ្លុះធ្លាយដ៏ធំ និង​ដាក់ជាកង្វល់ដល់កម្ពុជា។ សម្ដេចតេជោបានថ្លែងបន្ដថា សម្រាប់កង្វល់ដែលបានដាក់បន្ថែមដល់កម្ពុជា គឺ​ពលរដ្ឋ​​ខ្មែរចេញមកពីប្រទេសថៃ ត្រឡប់ចូលមកកម្ពុជាប្រមាណ១៥០០០​នាក់ បញ្ហានេះ គឺជា​សភាព​ការណ៍ថ្មី សម្រាប់ប្រទេសរបស់យើង ដែលចាំបាច់នៅពេល​នេះ ត្រូវប្រមូលផ្ដុំការខិត​ខំទាំងអស់ ឱ្យចុះមូលដ្ឋានធ្វើសកម្មភាព ដោយប្រែក្លាយ​ការភ័យក្លាចរបស់យើង ប្រែក្លាយ​ការសង្ស័យគ្នាទៅវិញទៅមក ឱ្យទៅជាចលនា​ការពារ​ខ្លួន​ទៅវិញ។ សម្ដេចតេជោនាយករដ្ឋ​មន្រ្ដីបានថ្លែងបញ្ជាក់ថា បើអ្នកឯងខ្លាច កុំដើរចេញក្រៅ បើអ្នកឯងសង្ស័យកុំចាប់ដៃខ្ញុំ។ សម្ដេចតេជោបានឱ្យដឹងដែរថា ក្នុងដំណាក់កាលការពារការឆ្លងពី​ខាងក្រៅ វាបានផុតហើយ ប៉ុន្ដែមិនមែនបាន​សេចក្ដី​ថា យើងឈប់ការពារនោះទេ។ សម្ដេចតេជោបានបន្ថែមថា ឥឡូវនេះ យើងកំពុងឈរជើងនៅក្នុងដំណាក់​កាលទី២​ហើយ ដែលដំណាក់កាលនេះ មានការងារ៣ គឺដំណាក់កាលការពារពីខាងក្រៅផង ដំណាក់​កាលការពារកុំឱ្យឆ្លងពីអ្នកដែលមានជំងឺឆ្លងទៅអ្នកផ្សេង និងដំណាក់កាល​ព្យាបាល​​មនុស្ស​ដែលឈឺឱ្យជាសះស្បើយ។ សម្ដេចតេជោបានអះអាងថា តាមពិត​អ្នក​ជំងឺកូវីដ-១៩នៅ​កម្ពុជា​ទាំងអស់ អត់មានអ្នកជំងឺដែល​ឆ្លងនៅ​នឹងកន្លែងនោះទេ គឺជាជំងឺនាំចូលទាំងអស់ កើតលើ​ពល​រដ្ឋកម្ពុជាក៏ពលរដ្ឋកម្ពុជាទៅ​ចម្លងពីខាងក្រៅ​យ​កមកចូលកម្ពុជាដែរ។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា អត់មានកម្ពុជាទៅចម្លងឱ្យទៅនរណានោះទេ ក្នុង​នោះក៏មានសារព័ត៌មានរបស់ប្រទេសខ្លះបានចុះផ្សាយ និងចាត់ទុកថា កម្ពុជា​គឺជាច្រកចេញ-ចូលនៃជំងឺឆ្លង ប្រសិនបើធ្លាយគឺគេប្រៀបដូចជាជំនន់នៃទន្លេមេគង្គ ដែលជាភាសាមិនគប្បី ហើយកម្ពុជា​ទទួលយកមិនបាន៕

អត្ថបទដែលជាប់ទាក់ទង