អ្នកជំងឺកូវីដ-១៩ ជនជាតិឥស្លាមនៅខេត្តបន្ទាយមានជ័យម្នាក់ បានជាសះស្បើយ
ខេត្តបន្ទាយមានជ័យ៖ អ្នកជំងឺកូវីដ-១៩ ជនជាតិឥស្លាមនៅខេត្តបន្ទាយមានជ័យម្នាក់ក្នុងចំណោម២នាក់ ដែលបានរកឃើញក្នុងខេត្តនេះដែលបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីបានជាសះស្បើយហើយបានវិលត្រឡប់ទៅកាន់លំនៅឋានវិញ កាលពីរសៀលថ្ងៃសុក្រ ៤កើត ខែផល្គុនឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា គ.ស២០២០ ក្រោមវត្តមាន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមទាំងលោកគ្រូពេទ្យក៏បានផ្តាំផ្ញើដល់បុរសដែលបានជាសះស្បើយពីជំងឺកូវីដ-១៩នេះថា ពេលត្រឡប់ទៅវិញសូមឱ្យជួយផ្សព្វផ្សាយអប់រំ បន្តដល់បងប្អូនជនរួមជាតិទាំងអស់ឱ្យចេះធ្វើអនាម័យ អនុវត្តន៍ការណែនាំរបស់ក្រុមលោកគ្រូពេទ្យ និងការផ្សព្វផ្សាយអបរំ របស់ក្រសួងសុខាភិបាល ជាប់ជានិច្ចដើម្បីការពារទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ពីព្រោះនេះគ្មានស្រមោល និងកាចសាហាវណាស់ វាបាននឹងកំពុងរាតត្បាតរីករាលដាលនៅបណ្តាប្រទេសនានាក្នុងពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ។ លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ក្រោមការពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យតាមបែបវេជ្ជសាស្ត្រ និងចិត្តសាស្ត្រ រហូតមកដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ អ្នកជំងឺកូវីដ-១៩ម្នាក់បានជាសះស្បើយ ហើយក៏បានអនុញ្ញាតឱ្យទៅផ្ទះវិញផងដែរ ប៉ុន្តែមន្ត្រីសុខាភិបាល ក៏នៅតែតាមដានសុខភាពគាត់ ជាបន្តទៀតផងដែរ។
លោកប្រធានមន្ទីរសុខាភិបាលរូបនេះក៏បានបន្ថែមទៀតថា មន្ត្រីសុខាភិបាលទាំងអស់មិនបានបន្ធូរដៃនោះឡើយ គឺកាន់តែបន្តយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដោយបន្តយកសំណាកអ្នកដែលសង្ស័យមានផ្ទុកមេរោគនេះពិសេសពលករដែលមកពីប្រទេសក្រៅនិងខិតខំយកចិត្តទុកដាក់ពិនិត្យព្យាបាលថែទាំអ្នកជំងឺកូវីដ-១៩ម្នាក់ទៀត ដែលកំពុងព្យាបាលក្នុងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ឱ្យឆាប់ជាសះស្បើយ ឬបើសិនមានករណីវិជ្ជមានថ្មីទៀតនោះ៕