Detail Top Banner

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណ លោកជំទាវឧកញ៉ា អ៊ាន អេឡែន និង ឯកឧត្តម យិន សារ៉ាន់ ព្រមទាំងក្រុមគ្រួសារ

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានីរាជធានី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ និង ក្នុងនាមខ្លួនលោកផ្ទាល់ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវឧកញ៉ា អ៊ាន អេឡែន និង ឯកឧត្តម យិន សារ៉ាន់ ព្រមទាំងក្រុមគ្រួសារ ដែលបានផ្ដល់ទីតាំងសណ្ឋាគារ សែន ហាន អាសយដ្ឋានផ្លូវលេខ៦០០ ផ្លូវលេខ៣១៣ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាទីកន្លែងពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺ covid-19។
តាមរយៈកាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ លោកជំទាវឧកញ៉ា និង ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគ covid-19 នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា ។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានគោរពជូនពរ លោកជំទាវឧកញ៉ា និងឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាបុគ្គលិកសណ្ឋាគារទាំងអស់ ចំពោះទឹកចិត្តសប្បុរសធម៌ថ្លៃថ្នាមួយនេះ ស្តែងឲ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រឡាញ់ ចំពោះជនរួមឈាម ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាននិងកំពុងជួបប្រទះ នឹងគ្រោះភ័យនៃការរាតត្បាតមេរោគកូរវិត១៩ និងសមានចិត្តរបស់លោកជំទាវ និង ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អ ជ័យជំនះលើគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង