រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃលើកឡើងថា ទិសដៅយុទ្ធសាស្រ្តក្នុងការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ផ្តោតសំខាន់លើធនធានមនុស្ស ហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធអង្គការចាត់តាំងតុលាការ
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា សម្រាប់ទិសដៅយុទ្ធសាស្រ្តពាក់ព័ន្ធកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺត្រូវផ្តោតសំខាន់លើការរៀបចំធនធានមនុស្ស ហិរញ្ញវត្ថុក្នុងស្ថាប័នតុលាការ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធអង្គការចាត់តាំងតុលាការ ដើម្បីឱ្យស្របជាមួយនឹងស្ថានភាពជាក់ស្តែងរបស់សង្គម។
ថ្លែងក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សម្រាប់ទិសដៅយុទ្ធសាស្រ្តក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺផ្តោតសំខាន់លើការរៀបចំធនធានមនុស្ស និងហិរញ្ញវត្ថុក្នុងស្ថាប័នតុលាការ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធអង្គការចាត់តាំងតុលាការ ដែលរួមមាន រដ្ឋបាល ការគ្រប់គ្រងសំណុំរឿងក្តី ដំណើរការនីតិវិធី និងការដោះស្រាយ រួមទាំងដំណើរការនៃការតាមដានត្រួតពិនិត្យ និងអធិការកិច្ចផងដែរ។ សម្តេចក្រឡាហោមបានបញ្ជាក់ថា ដើម្បីឱ្យសម្រេចបាននូវទិសដៅយុទ្ធសាស្រ្តក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងយុត្ដិធម៌ ត្រូវការរៀបចំធនធានមនុស្ស និងហិរញ្ញវត្ថុក្នុងស្ថាប័នតុលាការ រួមមានប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភផ្សេងៗ ការពង្រឹងគុណភាព សមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ភាពស្អាតស្អំរបស់មន្រ្តីជាដើម។ ទន្ទឹមនេះ រៀបចំរចនាសម្ព័ន្ធ និងទំនើបកម្មស្ថាប័ន រួមមានការធ្វើទំនើបកម្មរដ្ឋបាលតុលាការ ការដាក់ឱ្យដំណើរការតុលាការជំនាញ និងឧទ្ទរណ៍តំបន់ជាដើម។
សម្ដេចក្រឡាហោមក៏បានជំរុញឱ្យពង្រឹង និងកែលម្អដំណើរការនីតិវិធីរឿងក្តី និងយន្តការដោះស្រាយវិវាទរបស់តុលាការ ជាពិសេសពង្រឹងការងារតាមដាន ត្រួតពិនិត្យ និងអធិការកិច្ច ការពង្រឹងយន្តការអធិការកិច្ចរបស់ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីធានាឱ្យមានការអនុវត្តបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពនូវយន្តការវិន័យ និងយន្តការច្បាប់ផ្សេងទៀត។
សម្តេចក្រឡាហោមបានបញ្ជាក់បន្ថែមថា ការកំណត់ទិសដៅយុទ្ធសាស្រ្តនេះ គឺក្នុងគោលដៅពង្រឹងនូវប្រសិទ្ធភាពនៃការដោះស្រាយវិវាទរបស់តុលាការ ដែលអាចឆ្លើយតបបានទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងស្ថានភាពជាក់ស្តែងរបស់សង្គម៕