ផលិតផលកសិកម្មយើងអាចធានាបាននូវសន្តិសុខស្បៀងបានគ្រប់​គ្រាន់ បើទោះបីស្ថានភាពសេដ្ឋកិច្ចកំពុងប្រឈមដោយសារជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ៖ បើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា បើទោះ​ជាប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចដោយសារជំងឺ ឆ្លងកូវីដ-១៩ ប៉ុន្តែផលិតផលកសិកម្មយើងអាចធានាបាននូវសន្តិសុខស្បៀងបានគ្រប់​គ្រាន់​ទាំងអង្ករ ត្រី សាច់ និងបន្លែ សម្រាប់រយ:ពេលយូរអង្វែង។

ការលើកឡើងរបស់ឯកឧត្ដម​រដ្ឋ​មន្រ្ដីនេះ ក្នុងឱកាសចុះពិនិត្យ និងតាមដានសកម្មភាពអភិវឌ្ឍន៍របស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរបស់រដ្ឋបាលជលផល នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង និងចុះមកពិនិត្យសកម្មភាពភ្ញាស់កូនត្រី និងចិញ្ចឹមត្រីរបស់បងប្អូនប្រជាពលរដ្ឋ​នៅក្នុងស្រុកពាមរក៍ កាលពីព្រឹកថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ថ្ងៃ​ទី០១ ខែមេសា ឆ្នាំ២០២០។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីដែល​បានខិតខំប្រឹងប្រែង តស៊ូក្នុងស្មារតី​ទទួលខុសត្រូវ យកចិត្តទុកដាក់សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍មជ្ឈមណ្ឌលឱ្យមានការរីក​ចម្រើន​ស្របតាមការអភិវឌ្ឍវារីវប្បកម្មនាពេលបច្ចុប្បន្ន។ ឯកឧត្ដមបានស្នើឱ្យមជ្ឈមណ្ឌល​ស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង គិតគូរ​ពីការ​ធ្វើពាណិជ្ជកម្ម គឺមានន័យថាបង្កាត់ពូជ ចិញ្ចឹម និងធ្វើអាជីវកម្មដើម្បីបង្កើតប្រភព​ចំណូល​យកមកបំពេញបន្ថែមនូវតម្រូវការរបស់មជ្ឈមណ្ឌលធ្វើយ៉ាងណាឱ្យមជ្ឈ​មណ្ឌលមាន​ការវិវឌ្ឍដោយចីរភាព និងនិរន្តរភាព ជាពិសេសលើក​កម្ពស់​កម្រិតជីវភាពរបស់​មន្រ្តីឱ្យបាន​ល្អប្រសើរ។ ទន្ទឹមនេះ មជ្ឈមណ្ឌល​គួរស្វែងរកដៃគូជា​មួយ​ក្រុមហ៊ុនឯកជន ឬកសិដ្ឋានចិញ្ចឹម​ត្រីដើម្បីសហការធ្វើជាអ្នកផ្គត់ផ្គង់កូនត្រី។ លើសពីនេះ​ទៀត ត្រូវលើក​កម្ពស់សមត្ថភាពមន្ទីរ​ពិសោធន៍ និងបង្កើនការងារស្រាវជ្រាវ និងអភិរក្សបន្ថែម​ទៀត ជាពិសេសប្រភេទត្រីដែល​ជិតផុតពូជ និងរួមគ្នាថែរក្សាមជ្ឈមណ្ឌលទាំងមូល​ឱ្យបានគង់​វង្ស ទុកជាប្រយោជន៍សម្រាប់​បម្រើការងារស្រាវជ្រាវវិស័យជលផល។ ឯកឧត្ដមរដ្ឋមន្រ្ដីបាន​ជំរុញដល់ថ្នាក់ដឹក​នាំ និងមន្រ្ដី​ក្នុងមជ្ឈមណ្ឌលបន្ដខិតខំស្វែងរកដៃគូមកជួយទាំងថវិកា និង​ការងារបច្ចេកទេសចិញ្ចឹម និង​បង្កាត់ពូជ ដើម្បីបង្កើនកម្រិតបច្ចេកទេសស្រាវជ្រាវឱ្យបានសម​ស្របតាមស្តង់ដារក្នុងតំបន់ ក៏ដូច​ជាក្នុងពិភពលោក ដើម្បីឈានទៅធ្វើការចិញ្ចឹម ការកែច្នៃ និងនាំចេញផលិត ផលត្រី​កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនាពេលអនាគត។


បើតាមការបញ្ជាក់របស់លោកបណ្ឌិត Hara Hiro(ជនជាតិជប៉ុន អតីតជំនាញការរបស់ អង្គការ JICA) និងជាម្ចាស់កសិដ្ឋានភ្ញាស់កូនត្រីប្រា លើផ្ទៃដីជាង ១ហិកតា នៅភូមិស្កូវ ឃុំ ពាមរក៍ ខេត្ដព្រៃវែងបានឱ្យដឹងថា កសិដ្ឋានបានដំណើរការមកជាង១០ឆ្នាំហើយ ដែលដើរ តួនាទីជា​កន្លែងភ្ញាស់កូនត្រីប្រាសម្រាប់ផ្គត់ផ្គង់ឱ្យបងប្អូនអ្នកចិញ្ចឹមត្រីនៅទូទាំងខេត្ត។ លោក​បានបន្ដ​ថា ជាមធ្យមក្នុង ១ឆ្នាំផលិតកូនត្រីប្រាបានជាង ២លានកូន ហើយបរិមាណនេះ​នឹងមាន​ការកើនឡើង យោងទៅលើសេចក្តីត្រូវការកូនត្រីប្រារបស់អតិថិជន ជាពិសេសនៅ​ប៉ុន្មា​ន​ឆ្នាំ​ខាងមុខនេះ ដោយសារកសិករងាកមកចាប់យករបរចិញ្ចឹមត្រីនេះចេះតែមានការ​កើន​ឡើង។ ចំណែកលោក ជា ទឺ ជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីពោ និងត្រីប្រា លើផ្ទៃដីជាង ៥ហិកតា នៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ដែលមានស្រះចិញ្ចឹមត្រីទាំងពីរប្រភេទនេះគឺចំនួន ៨ស្រះ។ លោកបានបញ្ជាក់​ឱ្យដឹងថា ជាមធ្យមក្នុង ១ឆ្នាំ ប្រមូលផលត្រីបានពី ៨០-១០០តោន ដោយលក់ចេញត្រីពោ ៨ពាន់​រៀលក្នុងមួយគីឡូក្រាម និងត្រីប្រា ៥ពាន់រៀលក្នុងមួយគីឡូ​ក្រាម ហើយក្នុង ១ឆ្នាំអាចរកចំណូលបានពី ២-៣ម៉ឺនដុល្លារអាម៉េរិក។ លោក គង់ ប៉ា ជាម្ចាស់កសិដ្ឋាន ភ្ញាស់កូនត្រីអណ្តែង និងត្រីប្រា នៅក្នុងស្រុកពាមរក៍​ដែរនោះក៏បានលើកឡើងដែរថា ក្នុង១ឆ្នាំ កសិដ្ឋាននេះអាចផលិតកូនត្រីទាំងពីរប្រភេទ​បាន​ចំនួនពី ៨-១០លានកូន លក់ចែកចាយជូនបងប្អូនអ្នកចិញ្ចឹមក្នុងតម្លៃ ១៥ពាន់រៀលក្នុង​មួយ​គីឡូក្រាម។ លោកបន្តថា ទាំងបរិមាណកូនភ្ញាស់ និងតម្លៃគឺប្រែប្រួលទៅតាម​សេចក្តីត្រូវការ​របស់អតិថិជន តែទោះជាយ៉ាង​ណាសេចក្តីត្រូវការកូនត្រីមានការ កើនឡើងជាបន្តបន្ទាប់។ បើតាមការឱ្យដឹងរបស់ប្រធានវិទ្យាស្ថាននៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍​វារីវប្ប​កម្ម​ទឹក​សាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែងបានបង្ហាញអំពីការងាររដ្ឋបាល សកម្ម​ភាព​ភ្ញាស់​កូន​ត្រីគ្រប់ ប្រភេទ និងបង្កងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលនាពេលអនាគត​ធ្វើ​យ៉ាងណាពង្រី​ក​ សក្តានុពលផលិតកូនត្រីឱ្យបានគ្រប់គ្រាន់តាមសេចក្តីត្រូវការ និងបន្តពង្រីក​ការងារផ្សព្វផ្សាយ​បច្ចេក​ទេសវារីវប្បកម្មទំនើបទាន់សម័យទាំងការភ្ញាស់ ចិញ្ចឹម និងចំណី ជូន​ដល់អ្នកចិញ្ចឹម។ មជ្ឈមណ្ឌលមានផ្ទៃដីជាង ១៣ហិកតា ដោយចែកជាអគាររដ្ឋបាល ស្រះ​ចិញ្ចឹម ស្រះមេពូជ អាង​ស្តុកទឹក អគារភ្ញាស់ អគារស្នាក់នៅ និងមន្ទីរពិសោធន៍។ ទន្ទឹមនេះ មជ្ឈមណ្ឌល ក៏មាន​ភារកិច្ច ៣សំខាន់ គឺទី១. បន្សុទ្ធ បង្កាត់ពូជ និងអភិរក្សពូជត្រីទឹក​សាប​ដែល​ជិតផុតពូជ ទី២. សិក្សាស្រាវជ្រាវពូជ និងផ្សព្វផ្សាយ និងទី៣. បណ្តុះបណ្តាល​បច្ចេក​ទេសដល់ប្រជាកសិករ។ បច្ចុប្បន្នកំពុងធ្វើការសិក្សាស្រាវជ្រាវបង្កាត់​ពូជត្រី​ដោយចែកចេញ​ជាត្រីផលិតកម្មមាន​ដូចជា​ត្រីកាប ឆ្ពិន ក្រហែ កាបស កាបក្បាលធំ ទីឡាព្យា។


យោងតាមការបញ្ជាក់ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង​បានឱ្យដឹងថា ជាមធ្យមនៅទូទាំងខេត្តព្រៃវែងទទួលបានផលពីវារីវប្បកម្មពី១២-១៤ពាន់តោន​ក្នុង១ឆ្នាំ ដែលបរិមាណនេះអាចផ្គត់ផ្គង់ឱ្យទីផ្សារក្នុងខេត្តបាន និងនាំចេញមកកាន់រាជ​ធានីភ្នំពេញ និងខេត្តជាប់ព្រំប្រទល់។
ក្នុងឱកាសនោះដែរ ឯកឧត្តម វេង សាខុន ក៏បានកោតសរសើរចំពោះមន្ទីរ​កសិកម្មខេត្ដ​ព្រៃវែង ក៏ដូចជា​មន្រ្តីជំនាញ និងជាពិសេសថ្នាក់ដឹកនាំរដ្ឋបាលជលផល​ដែលបានខិតខំ​យក​អស់កម្លាំងកាយចិត្តអភិវឌ្ឍន៍​អនុវិស័យនេះឱ្យមានការរីកចម្រើន ឆ្លើយតបតាមសេចក្តីត្រូវការ​ទីផ្សារ និងជាពិសេសចូលរួមកាត់បន្ថយការចាប់ត្រីពីប្រភពធម្មជាតិ៕ by AKP

អត្ថបទដែលជាប់ទាក់ទង