សម្ដេចតេជោនាយករដ្ឋមន្ត្រី អរគុណបងប្អូនអាជីវករលក់ស្រូវអង្ករដែលមិនតម្លើងថ្លៃ ចេញផ្សាយ ថ្ងៃទី 7 ខែ មេសា ឆ្នាំ 2020 ភ្នំពេញ៖ នៅតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា “អរគុណបងប្អូនអាជីវករលក់ស្រូវអង្ករទូទាំងប្រទេស ដែលបើកដំណើរការលក់ស្រូវអង្ករក្នុងតម្លៃធម្មតា មិនតម្លើងថ្លៃ ដើម្បីប្រជាពលរដ្ឋយើងមានភាពងាយស្រួល ក្នុងការទិញយកទៅទទួលទាន ជាពិសេសក្នុងស្ថានភាពដែលប្រទេសយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ អរគុណបងប្អូនអាជីវករទាំងអស់ដែលមានការយល់ដឹងខ្ពស់ ពីវិធីការពារមិនឱ្យឆ្លងរោគកូវីដ-១៩ ពីម្នាក់ទៅម្នាក់ គឺពីអ្នកលក់ទៅអ្នកទិញ និងពីអ្នកទិញទៅអ្នកលក់ និងពីអ្នកទិញទៅអ្នកទិញ។ សូមបងប្អូនសហការ និងបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដើម្បីសុវត្ថិភាពទាំងអស់គ្នា សូមឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ និងសូមពាក់ម៉ាសការពារឱ្យបានគ្រប់ៗគ្នា។” ក្នុងខណៈដែលប្រទេសកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងនូវការអរគុណដល់បងប្អូនអាជីវករលក់ស្រូវអង្ករ ដែលមិនតម្លើងថ្លៃ ក្នុងខណៈដែលប្រទេសកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩នោះ៕ AKP ចែករំលែក