គំរាមសម្លាប់ថ្នាក់ដឹកនាំ និងជេរប្រមាថព្រះមហាក្សត្រ ត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តសៀមរាប៖ ក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋានជំនាញ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យម្នាក់ដែលបង្ហោះសារតាមបណ្ដាញសង្គម Facebook គំរាមសម្លាប់ថ្នាក់ដឹកនាំ និងញុះញង់ឲ្យមានការរើសអើង ព្រមទាំងជេរប្រមាថអង្គព្រះមហាក្សត្រ ផងដែរ។
ការចាប់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ អាត់ អេង ឬ សេន អាត អាយុ៣៦ឆ្នាំ មុខរបរជាងភ្លើង និងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃលប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាព និងរូបភាពបង្ហោះតាមបណ្ដាញសង្គម គំរាមសម្លាប់ថ្នាក់ដឹកនាំ ញុះញង់ឲ្យមានការរើសអើង ជេរប្រមាថអង្គ ព្រះមហាក្សត្រ និងជេរប្រមាថស្ថាប័នផ្សេង និងប្រជាពលរដ្ឋជាច្រើននាក់ក្នុងប្រទេសកម្ពុជា រាល់សកម្មភាពនេះ ជនសង្ស័យបានបង្កើតបង្ហោះតាមបណ្ដាញសង្គម Facebook និង Tiktok ក្លែងដោយប្រើប្រាស់មធ្យោបាយទូរស័ព្ទដៃម៉ាក Vivo (Y5)ពណ៌ខៀវ ដែលមានគណនី៣ មានឈ្មោះដូចខាងក្រោម ៖
ទី១៖ ត្រាំងសិលា អង្គរធំភូមិប្រាសាទ
ទី២៖ សិលា សៀមរាប ឬ សិលា ប្រាសាទ
ទី៣៖ គណនី Tiktok ឈ្មោះ សិលាសៀមរាប។
ក្រោយសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបាន បង្ហោះដោយប្រើប្រាស់គណនីដូចខាងលើពិតប្រាកដមែន ដោយប្រើឈ្មោះ និងរូបថតអតីតប្រពន្ធរបស់ខ្លួន ដើម្បីឲ្យសមត្ថកិច្ចចាប់អតីតប្រពន្ឋខ្លួន ដាក់គុកព្រោះដោយហេតុខឹងអតីតប្រពន្ធមិនរស់នៅជាមួយខ្លួន។
ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕