ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ជា សុផារ៉ា ប្រគល់លំនៅឋានតម្លៃសមរម្យដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន WordBridge Homes ចំនួន៦៨០ខ្នងផ្ទះ ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ ពិធីប្រគល់នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញប្រគល់លំនៅឋានតម្លៃសមរម្យដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន WordBridge Homes Co.,Lfd ចំនួន៦៨០ខ្នងផ្ទះ លើគម្រោងសរុប ២៤៥៧ខ្នងផ្ទះ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិគោគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ថា ការប្រគល់លំនៅឋានសមរម្យនេះ គឺធ្វើឡើងដោយអនុវត្តតាមគោលនយោបាយជាតិស្តីពី លំនៅឋាន និងគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្តល់ឱកាសជូនប្រជាជនទូទាំងប្រទេស មានលំនៅឋានសមរម្យអាចរស់នៅ បានប្រកបដោយផាសុកភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា គម្រោងលំនៅឋានតម្លៃសមរម្យគឺមានចំនួន៥គម្រោង រួមមានលំនៅឋានសរុបចំនួន ៨៣៣១ខ្នងផ្ទះ និង៧២៥៦ ចំណែកឯកជនត្រូវបានអភិវឌ្ឍន៍ ក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន២គម្រោង ខេត្តកណ្តាល ចំនួន២គម្រោង និងខេត្តបន្ទាយមានជ័យ ចំនួន ១គម្រោង។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសំណូមពរប្រជាពលរដ្ឋអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។
សូមបញ្ជាក់ថា គម្រោងទីក្រុងរណបសិរីមង្គល របស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម ដែលជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេទីមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការជួយគាំទ្រពីសំណាក់រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងបានបញ្ចប់ការសាងសង់ជំហានទី១ ប្រមាណ ៦៨០ល្វែង ទាំងស្រុង។
គម្រោងលំនៅឋានតម្លៃសមរម្យនេះគឺជាគម្រោង ដែលមានការទទួលខុសត្រូវខ្ពស់ផ្នែកសង្គម និងបរិស្ថាន ដោយនឹងផ្តល់នូវផលវិជ្ជមានទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមកិច្ច ជូនចំពោះគ្រួសារមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមានចំណូលមធ្យម និងទាបទូទៅ។
លោក ឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម បានគូសបញ្ជាក់ថា «លំនៅឋានតម្លៃសមរម្យនេះគឺជាការរួមចំណែករបស់វិស័យឯកជនជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីលំនៅឋាន ដោយយើងបានកំណត់គោលដៅថាមិនគ្រាន់តែផ្តល់តម្លៃធូរថ្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែ យើងបានផ្តោតសំខាន់លើការរៀបចំឲ្យក្លាយជាសហគមន៍ចម្រុះដ៏រឹងមាំ ដែលមានគុណភាព សោភណភាព សុវត្ថិភាព ឱកាសការងារនិងអាជីវកម្ម ភាពងាយស្រួលនិងសេចក្តីថ្លៃថ្នូរក្នុងការរស់នៅ សម្រាប់គ្រួសារមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមានចំណូលមធ្យម និងទាបទូទៅ។»
ដើម្បីសម្រេចនូវគោលដៅខាងលើនេះ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ បានចុះអនុសារណៈយោគយល់គ្នាជាមួយ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)និងបានសហការណ៍គ្នាចាប់តាំងពីឆ្នាំ២០១៨ ក្នុងការអភិវឌ្ឍន៍ទីតាំងគម្រោងជម្រុញការអភិវឌ្ឍសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម នៅក្បែរទីតាំងគម្រោងលំនៅឋានសមរម្យនេះតែម្តង។ លោក Nick Beresford អ្នកតំណាងប្រចាំប្រទេសកម្ពុជា នៃ UNDP បានលើកឡើងថា «គុណតម្លៃនៃសហគ្រាសខ្នាតតូច និងមធ្យម គឺផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងតម្រូវការលំនៅឋានតម្លៃសមរម្យតែម្តង។ យើងសង្ឃឹមថា ការផ្សារភ្ជាប់បែបនេះនឹងជួយជម្រុញការវិនិយោគបន្ថែមទៀតទៅលើលំនៅឋានតម្លៃសមរម្យ និងការសាងសង់អាគារបែបលក្ខណៈបៃតង នៅក្នុងប្រទេសកម្ពុជា។ UNDP សូមចូលរួមអបអរសាទរចំពោះលោក ឧកញ៉ា សៀ ឬទ្ធី និងក្រុមហ៊ុន វើលដ៏ប្រ៊ីដ ចំពោះការសម្រេចបាននូវគម្រោងលំនៅឋានតម្លៃសមរម្យទីមួយនេះ ដែលមាន ២៤៥៧ល្វែង សម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម។»
លោក Nick Beresfordបានបន្ថែមថា «គម្រោងនេះ គឺបានប្រើប្រាស់បច្ចេកវិទ្យាសាងសង់ដែលមានលក្ខណៈទ្រទ្រង់បរិស្ថានតំបូងគេនៅក្នុងប្រទេស រួមមានដូចជាការប្រើប្រាស់ឥដ្ឋដីសង្កត់ ដែលជាប្រភេទឥដ្ឋដែលមិនផលិតឡើងដោយការដុតកម្តៅនោះទេ។ យើងខ្ញុំ សូមជូនពរម្ចាស់លំនៅឋានថ្មីទាំងអស់ឲ្យមានសុភមង្គលក្នុងការរស់នៅក្នុងគម្រោងថ្មី និងប្រកបដោយភាពរីករាយមួយនេះ។»
គម្រោងក៏បានផ្តល់លក្ខខណ្ឌបង់ប្រាក់ងាយស្រួលច្រើនជម្រើស ជូនដល់អតិថិជនរបស់គម្រោង ដោយពុំតម្រូវឲ្យមានប្រាក់កក់ ការបង់រំលស់ពុំមានការប្រាក់ក្នុងរយៈពេល ២៤ខែដំបូង និងមានធនាគារដៃគូរអាចផ្តល់កម្ចីរហូតដល់ ៩០% នៃតម្លៃផ្ទះ ក្នុងអត្រាការប្រាក់ទាប និងរយៈពេលរហូតដល់ ២០ឆ្នាំ។ អតិថិជនចំណាយត្រឹមតែ ២០៩ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ គឺអាចទទួលបានលំនៅឋាននិងសហគមន៍មួយដ៏ល្អនិងស្រស់ស្អាត។
លោក ឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម មុននឹងបញ្ចប់កម្មវិធីបានមានប្រសាសន៍៖ «សូមអតិថិជន និងសាធារណៈជនគ្រប់រូបមេត្តាចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ការរីករាលដាលនៃ ជម្ងឺCOVID-19 ទាំងអស់គ្នា សូមគោរពជូនពរដល់ម្ចាស់គេហដ្ឋាន និងអតិថិជនទាំងអស់របស់គម្រោងយើងខ្ញុំ ក៏ដូចជាសាធារណៈជនទូទៅអោយជួបតែសេចក្តីសុខចំរើន៕»