ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបញ្ជាក់ថា ការទប់ស្កាត់ និងបង្ការឱ្យមានប្រសិទ្ធភាពនូវជំងឺ COVID-19 ទាល់តែយើងទាំងអស់គ្នាចូលរួម និងយល់ដឹងទើបទទួលបានជោគជ័យ

ភ្នំពេញ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន AKP បានសរសេរថា ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងកិច្ច​ប្រជុំ​សាមញ្ញ លើកទី១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការទប់ស្កាត់ និងការបញ្ចៀស​នូវ​ការ​ឆ្លងជំងឺ COVID-19 ទាល់តែយើងទាំង អស់គ្នាចូលរួម និងមានការ​យល់ដឹងច្បាស់ពីវិធីការពារ  ទើបយើងទទួលបានជោគជ័យ។

 

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងជំងឺ COVID-19 ក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះដែរ យើងក៏បានកាត់បន្ថយ​នូវ​ចំនួនសមាជិក សមាជិកាដែលចូល រួមជាមួយនឹងការកាត់បន្ថយពេល​វេលា នៃកិច្ចប្រជុំនេះផងដែរ។ នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ប៉ា សុជាតិវង្ស ក៏បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវទប់ស្កាត់ និង​បង្ក្រាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាពថែមទៀត។

 

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានោះដែរ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃ​គណៈអភិបាល រាជធានីភ្នំពេញបានបញ្ជាក់ថា បញ្ហាគ្រឿងញៀនគឺជា​បញ្ហាមួយដែលអាជ្ញាធរ ក៏ដូចជាសមត្ថ កិច្ចពាក់ព័ន្ធបានយកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការបង្ការ ទប់ស្កាត់ និងការបង្រ្កាបលើបទ ល្មើសទាំងនេះ។​ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ទៀតថា ក្រៅពីការបង្ក្រាប​បញ្ហាគ្រឿង ញៀន យើងក៏បានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់ទៅលើ​បញ្ហា​គ្រឿងញៀននេះផងដែរ ដោយយើងបានផ្សព្វផ្សាយសារអប់រំ​តាមរយៈ​ក្រសួងអប់រំ និងក្រសួងសុខាភិបាលជាដើម។

ឯកឧត្ដមបានបន្តទៀតថា កាលពីពេលមុន នៅតាមបណ្ដាសាលារៀនមាន​ការធ្វើ ចរាចរគ្រឿងញៀនដែរ។ ប៉ុន្តែនៅពេលនេះជាមោទនភាព ដោយនៅ​តាម​បណ្ដាសាលារៀន ទាំងនោះមិនមានការជួញដូរគ្រឿងញៀនទៀតទេ ហើយយើងក៏បានបំបាត់ក្រុមក្មេងទំនើង នៅតាមបណ្ដាសាលារៀន​នោះ​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង