អ្នកឆ្លងជំងឺ COVID-19 ក្នុងសមាគមអាស៊ាន(ASEAN) កើនឡើងដល់ ១១៦០៧នាក់

គេហទំព័រអន្តរជាតិ Worldometer នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញថា នៅរយៈពេល ២៤ម៉ោងចុងក្រោយនេះ តួលេខស្ថានភាពនៃការរីករាលដាលជំងឺ COVID-19 នៅក្នុងបណ្តាប្រទេសទាំងអស់ក្នុងសមាគមអាស៊ាន(ASEAN) មានអ្នកឆ្លងសរុបកើនឡើងដល់ចំនួន ១១៧០៦ករណី ស្លាប់ ៣៤៥នាក់ និងអ្នកដែលបានជាសះស្បើយចំនួន ៣២៨៣ នាក់។

អង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុកជំងឺ COVID-19 ជា «ជំងឺរាតត្បាតជាសកល» ហើយបានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២០៩ ហើយនៅទូទាំងសកលលោក លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយតែប៉ុណ្ណោះ។​ បើពិនិត្យតាមប្រទេសនីមួយៗ ប្រទេសម៉ាឡេស៊ីមានករណីឆ្លងសរុបច្រើនជាងគេមានរហួតទៅដល់ ៤១១៩ករណី ខណៈប្រទេសឥណ្ឌូនេស៊ីមាន ២៩៥៦ ករណី ប្រទេសថៃមាន ២៣៦៩ករណី សិង្ហបុរីមាន ១៦២៣ករណី វៀតណាម ២៥១ករណី ព្រុយណេ ១៣៥ករណី កម្ពុជាមាន ១១៧ករណី មីយ៉ាន់ម៉ា ២២ករណី និងប្រទេសឡាវមាន ១៥ករណី។

ថ្វីត្បិតថាប្រទេសម៉ាឡេស៊ីមានចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងបណ្តាសមាជិកអាស៊ានទាំងអស់ក៏ពិតមែន ប៉ុន្តែចំនួនអ្នកស្លាប់មានចំនួនតិចជាងប្រទេសឥណ្ឌូនេស៊ី ដែលមានអ្នកបាត់បង់ជីវិតរហូតដល់ ២៤០នាក់៕ by AKP

អត្ថបទដែលជាប់ទាក់ទង