ប្រទេសសិង្ហបូរីបានរាយការណ៍ថា មានចំនួន ៣៨៦ករណីថ្មី
ព្រឹកនេះសិង្ហបូរី បានប្រកាសរកឃើញអ្នកឆ្លង Covid-19 រហូតដល់ ៣៨៦នាក់ ដែលនេះគឺជាតួរលេខរកឃើញខ្ពស់បំផុត នេះបើយោងតាមសារព័ត៌មាន CNA ដែលបានចុះផ្សាយនាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ត្រូវបានរកឃើញកាលពីថ្ងៃច័ន្ទ ទី១៣ ខែមេសា ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបបានកើនដល់ ២៩១៨ករណី ។
ក្រសួងសុខាភិបាល (MOH) បាននិយាយថា ប្រជាជនសិង្ហបុរី អាយុ៦៥ឆ្នាំម្នាក់បានស្លាប់ដោយសារវីរុស Covid-19 នៅរសៀលថ្ងៃច័ន្ទម្សិលមិញនេះ ដែលគាត់ត្រូវបានគេបញ្ជាក់ថា បានឆ្លងវីរុសនេះ កាលពីថ្ងៃទី០៩ ខែមេសា ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបបានកើនដល់ ៩នាក់។
ក្រសួងសុខាភិបាលបានបន្ថែមទៀតថា ក្នុងចំណោមករណីថ្មីចំនួន២៨០ ត្រូវបានផ្សារភ្ជាប់ទៅនឹងក្រុមមនុស្សដែលគេស្គាល់ ដែលអាចនិយាយបានថាការឆ្លងជាសហគម ហើយភាគច្រើននៃពួកគេជាអ្នកកាន់ប័ណ្ណការងារក្នុងអន្តេវាសិកដ្ឋាន។ ចំណែក១២ករណីទៀត ត្រូវបានផ្សារភ្ជាប់ជាមួយនឹងករណីមុនៗ ដែលក្នុងនោះមាន ៧នាក់ជាពលរដ្ឋសិង្ហបុរី ឬជាអ្នករស់នៅអចិន្ត្រៃយ៍ និង៥នាក់ ទៀតជាអ្នកកាន់ប័ណ្ណការងារ។
ចំណែក៩៤ករណី ទៀតមិនមានទំនាក់ទំនងទៅនឹងករណីមុនៗទេ ដោយក្នុងនោះមាន២១នាក់ ជាពលរដ្ឋសិង្ហបុរី ឬជាអ្នករស់នៅអចិន្ត្រៃយ៍ ៥នាក់ជាអ្នកកាន់ S Pass ៦៤នាក់ ជាអ្នកកាន់ប័ណ្ណការងារ ហើយអ្នកដែលនៅសល់គឺជាអ្នកកាន់លិខិតឆ្លងដែនរយៈពេលវែង។
គួរជម្រាបថា គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ប្រទេសសិង្ហបូរី មានករណីឆ្លង Covid-19 សរុបចំនួន ២៩១៨ករណី ខណៈអ្នកស្លាប់មានត្រឹមតែ៩នាក់ប៉ុណ្ណោះ ចំនែកអ្នកព្យាបាលជាសះស្បើយបានកើនដល់ ៥៦០នាក់ ៕