ប្រជាពលរដ្ឋ គាំទ្រ​ការ​ផ្សាយ​កម្មវិធី​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​សហការ​រៀបចំ​រវាង​ក្រសួង​ព័ត៌មាន និង​ក្រសួង​អប់រំ

ប្រជាពលរដ្ឋ​គាំទ្រ​ការ​ផ្សាយ​កម្មវិធី​ការ​សិក្សា​ពី​ចម្ងាយ Distance Learning និង​ការ​សិក្សា​តាម​ប្រព័ន្ធ អេឡិចត្រូនិក E-Learning តាម​រយៈ​តេជោ​ឌីធីវី និង App របស់​ក្រសួងព័ត៌មាន ដើម្បី​ឱ្យ​សិស្សានុសិស្ស អាច​រៀន​បាន​នៅ​ក្នុង​ដំណាក់​កាល​ផ្អាក​ការ​សិក្សា​ជា​បណ្តោះ​អាសន្ន នៅ​តាម​គ្រឹះស្ថាន​សាធារណៈ និង​ឯកជន​ទូទាំង​ប្រទេស ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ-១៩។
លោកស្រី កង ស៊ីណា ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​តាកែវ បាន​ប្រាប់​វិទ្យុជាតិ​កម្ពុជា​ឱ្យ​ដឹងថា លោក​ស្រី​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ឃើញ​ក្រសួង​ព័ត៌មាន សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា បង្កើត​នូវ​ការ​សិក្សា​តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​បាន​ចាក់​ផ្សាយ នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា​ទី​២ (TVK 2) គឺ​វា​អាច​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​ផង ផ្តល់​ភាព​ងាយ​ស្រួល​ដល់​សិស្សានុសិស្ស​រៀនសូត្រ និង​អាច​ឱ្យ​អ្នក​អាណាព្យាបាល ជួយ​ធ្វើ​ការ​បង្ហាត់​បង្រៀន​កូន​ៗ​បាន​ងាយស្រួល​ផង​ដែរ។
“ការ​បង្កើត​នូវ​ការ​សិក្សា​តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​បង្កើត​ឡើង​ដោយ​ក្រសួង​ព័ត៌មាន សហការ​ជាមួយ​ក្រសួង​អប់រំ គឺ​ជា​ជម្រើស​ដ៏​ល្អ សម្រាប់​បុត្រ​ធីតា​ក្នុង​ពេល​បច្ចុប្បន្ន ព្រោះ​វា​អាច​ជួយ​ការពារ​នូវ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។ ជា​ពិសេស​យើង​អាច​ធ្វើ​ការ​សិក្សា​រៀន​សូត្រ​បាន​គ្រប់​មុខវិជ្ជា តាម​គ្រប់​កម្រិត​ថ្នាក់ ទាំង​អ្នក​រស់​នៅ​ជនបទ ទាំង​ក៏​ដូចជា​អ្នក​រស់​នៅ​ទីក្រុង គឺ​មាន​ភាព​ស្មើគ្នា។ ជា​ពិសេស​គឺ​មាន​ភាព​ងាយស្រួល គ្រាន់​តែ​ការ​សិក្សា​តាម​រយៈ​ការ​មើល​ទូរទស្សន៍ ក៏​ដូចជា​តាមរយៈ​ទូរស័ព្ទ ដែល​មាន app ដែល​ក្រសួង​ផ្ដល់​ជូន។ អញ្ចឹង​ខ្ញុំ​គិត​ថា​កម្មវិធី​នេះ​គឺ​ល្អ​មែន​ទែន សម្រាប់​បុត្រ​ធីតា​របស់ យើង​ធ្វើ​ការ​សិក្សា​ជាមួយ​នឹង​អាណាព្យាបាល ដើម្បី​ជួយ​ធ្វើ​ការ​បង្ហាត់​បង្រៀន​គាត់​បន្ថែម​ជាមួយ​គាត់​តែ​ម្ដង“។
ចំណែក​លោកស្រី សុខ ធីតា ប្រជាពលរដ្ឋ រស់​នៅ​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ដែរ​ថា លោកស្រី គាំទ្រ​ចំពោះ​កម្មវិធី​ការ​សិក្សា​នេះ ព្រោះ​វា​បាន​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​សិស្សានុសិស្ស នៅ​តំបន់​ជនបទ អាច​ទទួល​បាន​ចំណេះដឹង​បាន ដោយ​មិន​ចាំ​បាច់​ប្រើ internet ដោយ​គ្រាន់​តែ​មើល​តាម​ទូរទស្សន៍។ លោកស្រី បន្ត​ថា ជា​ពិសេស​មាន​តារាង​កាល​វិភាគ​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល សម្រាប់​ការ​រៀន​របស់​សិស្ស​ផង​ដែរ។
សូម​បញ្ជាក់​ថា កម្មវិធី​ការ​សិក្សា​​ខាង​លើ បាន​ប្រកាស​ជា​ផ្លូវការ​កាល​ពី​ថ្ងៃទី២០ ខែ​មេសា ឆ្នាំ​២០២០ បន្ទាប់​ពី​មាន​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២០៕
អត្ថបទដែលជាប់ទាក់ទង