មជ្ឈមណ្ឌលកម្សាន្តរ៉ុក សាលាដំបូងរាជធានីភ្នំពេញ បន្តចំណាត់ការលើបញ្ហាប្រើប្រាស់គ្រឿងញៀនជាធំ
ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ យើងទទួលបានពីគេហទំព័រ និងព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ៖
សាលាដំបូងរាជធានីភ្នំពេញ បានបន្តចំណាត់ការអនុវត្តច្បាប់ដាក់ទោសលើក្រុមជនប្រព្រឹត្តគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកបន្ថែមទៀត ក្រោយករណីមួយទើបនឹងប្រកាសសាលក្រមរួចដោយតុលាការ កាលពីចុងខែ កុម្ភៈ កន្លងមកនេះ។ សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២០ មីនា ឆ្នាំ២០២០ ដែលបណ្តាញសារព័ត៌មាន ទើបទទួលបាននៅថ្ងៃពុធនេះ បានបញ្ជាក់ថា សាលាដំបូងកំពុងស៊ើបសួរ លើសំណុំរឿងមួយករណីទៀត ដែលបានប្រព្រឹត្តទៅនៅចំណុចមជ្ឈមណ្ឌលកម្សាន្តរ៉ុកនោះផងដែរ ដោយចៅក្រមស៊ើបសួរកំពុងសួរចម្លើយ អ្នកពាក់ព័ន្ធ ប្រមូលភស្តុតាងនានា និងត្រៀមបញ្ជូនទៅជំនុំជំរះក្នុងពេល ឆាប់ៗខាងមុខនេះ។ សេចក្តីប្រកាសព័ត៌មានដដែលរបស់សាលាដំបូងរាជធានីភ្នំពេញ នៅបានបញ្ជាក់ដែរថា កន្លងមកនេះ គឺនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ សាលាដំបូងរាជធានីបានប្រកាសសាលក្រមនៃសំណុំរឿងព្រហ្ម ទណ្ឌលេខ១៣១៥ ដែលមានជនជាប់ចោទចំនួន ៣៤នាក់ ដែលត្រូវបានចោទប្រកាន់ពីបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុស ច្បាប់នូសារធាតុញៀន ប្រើប្រាស់ដោយសុខច្បាប់នូវសារធាតុញៀន សមគំនិតក្នុងអំពើប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចមជ្ឈមណ្ឌលកម្សាន្តរ៉ុក ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយផ្តន្ទាទោសជនជាប់ចោទម្នាក់ៗដាក់ពន្ធនាគារ ចន្លោះពី១ឆ្នាំ៦ខែ ដល់៤ឆ្នាំ និងពិន័យជាប្រាប់ពី៣លានរៀល ដល់៨លានរៀល៕