អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានទេយ្យវត្ថុនិងបច្ច័យ លោកជំទាវ ហ៊ុន ម៉ាណា បាននាំទៅប្រគេនព្រះសង្ឃ២៤វត្ត

ខេត្តកំពង់ស្ពឺ ៖ លោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញនាំយកទេយ្យវត្ថុមួយចំនួនធំ រួមនឹងបច្ច័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃនៅតាមវត្តចំនួន២៤ ស្ថិតនៅក្នុងស្រុកចំនួន៥ នៃខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរខេត្តកំពង់ស្ពឺ និងក្រុមការងារ ។
១-ប្រគេនជូនចំនួន ៦វត្ត ដែលប្រារព្ធធ្វើនៅក្នុងទីតាំងរួមមួយនៃវត្តពុទ្ធវង្ស ស្ថិតនៅភូមិផ្តៀក ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
២-ប្រគេនជូនចំនួន ៤វត្ត ដែលប្រារព្ធធ្វើនៅក្នុងទីតាំងរួមមួយនៃវត្តរតនារាម ស្ថិតនៅភូមិគោកត្រប់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
៣-ប្រគេនជូនចំនួន ៤វត្ត ដែលប្រារព្ធធ្វើនៅក្នុងទីតាំងរួមមួយនៃវត្តធម្មគីរី ស្ថិតនៅភូមិបេង ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
៤-ប្រគេនជូនចំនួន ៥វត្ត ដែលប្រារព្ធធ្វើនៅក្នុងទីតាំងរួមមួយនៃវត្តភ្នំព្រះរាជកូដ ស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៥-ប្រគេនជូនចំនួន ៥វត្ត ដែលប្រារព្ធធ្វើនៅក្នុងទីតាំងរួមមួយនៃវត្តសំរោងភ្នំតូច ស្ថិតនៅភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ទេយ្យវត្ថុសម្រាប់វត្តនីមួយៗ រួមមាន៖ អង្ករ១តោន ត្រីខ១កេសធំ ស្ករស៥គីឡូក្រាម ប៊ីចេង៥គីឡូក្រាម ទឹកត្រី២យួរ ទឹកសុីអុីវ២យួរ ទឹកផ្លែឈើ១០កេស ទឹកដោះគោខាប់២កេសធំ តែ២គីឡូក្រាម មី៣កេសធំ ថ្នាំពេទ្យ១កេស កាហ្វេ២កញ្ចប់ធំ សាប៊ូ៦០ដុំ ជែលលាងដៃ១កេស បច្ច័យចំនួន ១លានរៀល និងបច្ច័យសប្បុរសជនចំនួន ១លាន៦៥ម៉ឺនរៀល ដោយឡែកសម្រាប់វត្តចុងក្រោយទទួលបានបច្ច័យ ១លាន ៩៥មុឺនរៀល ព្រមទាំងចែកជូនឃីតម្នាក់ ១កញ្ចប់ដល់លោកយាយ លោកតា បងប្អូន ប្រជាពលរដ្ឋ ដែលក្នុងនោះមានសំលៀកបំពាក់ ជែលលាងដៃ សាប៊ូ ថ្នាំពេទ្យ នំបុ័ង និងចែកជូនសម្ភារសិក្សាសម្រាប់ក្មួយៗសិស្សានុសិស្សចំនួន ៥០នាក់។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ទៅកាន់លោកយាយ លោកតា ពុកម៉ែ បងប្អូន ឱ្យបង្កើនការយកចិត្តទុកដាក់ពីសុខភាពប្រចាំថ្ងៃ ជាពិសេសអនុវត្តន៍ការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់នៅកន្លែងមានមនុស្សច្រើនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីការពារ នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដែលកំពុងតែរាតត្បាតទូទាំងពិភពលោក និងមាននៅប្រទេសកម្ពុជាយើងផងដែរ៕






