លោកជំទាវ ភឿង សកុណា អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការកសាងផ្លូវឡើងភ្នំគូលែន ពីស្រុកស្វាយលើ

ខេត្តសៀមរាប៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុម ប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ អមដំណើរដោយថ្នាក់ដឹកនាំនិងអាជ្ញាធរជាតិអប្សរា ដើម្បីត្រួតពិនិត្យនិងតាមដានការកសាងផ្លូវឡើងភ្នំគូលែនពីស្រុកស្វាយលើ។
ជាមួយនឹងរាល់ការពិនិត្យទៅលើផ្នែកបច្ចេកទេស ក៏ដូចជាការកាត់បន្ថយផលប៉ះពាល់ទាំងផ្នែកបរិស្ថាននិងព្រៃឈើ ជាពិសេសបង្ការទប់ស្កាត់ផលលំបាកផ្សេងៗដែលអាចកើតមានឡើងនាពេលអនាគត លោកជំទាវក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនសាងសង់ចាំបាំច់ត្រូវពិភាក្សារាល់គ្រប់បញ្ហាបច្ចេកទេសជាមួយអាជ្ញាធរជាតិអប្សរា និងគោរពយ៉ាងមុឺងម៉ាត់តាមអនុសាសន៍របស់គណៈកម្មការអាយស៊ីស៊ី-អង្គរ ព្រោះភ្នំគូលែនពុំមែនជាភ្នំធម្មជាតិធម្មតានោះទេ តែជាអតីតរាជធានីរបស់បុព្វបុរសខ្មែរ ដែលពេញដោយសម្បត្តិវប្បធម៌ជាតិជាច្រើនដូចជា លិង្គមួយពាន់ ពើងគំនូរ ព្រះអង្គជប ស្រះដំរី ទេសភាពវប្បធម៌ បរិស្ថានធម្មជាតិ ធនធានធម្មជាតិ និងសំណល់បុរាណវិទ្យាជាច្រើន។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានអញ្ជើញចូលសម្តែងនូវការគោរពប្រតិបត្តិនូវជំនឿសាសនានៅទីតាំងព្រះអង្គធំផងដែរ៕




