សម្តេចប្រមុខរដ្ឋស្តីទី លើកទឹកចិត្តដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បន្តចូលរួមសហការ ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ចេញផ្សាយ ថ្ងៃទី 26 ខែ មេសា ឆ្នាំ 2020 ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងក្នុងនាមប្រធានក្រុមការងារចុះជួយមណ្ឌលរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បន្តការខិតខំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសអនុវត្តន៍ខ្ជាប់ខ្ជួននូវបណ្តាវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងជំនាញនូវអនាម័យខ្លួនប្រាណ ការហាត់ប្រាណ ការអនុវត្តគម្លាតសុវត្ថិភាព ត្រូវពាក់ម៉ាស់ការពារក្នុងករណីចាំបាច់ និងនៅកន្លែងដែលមានមនុស្សច្រើន ដើម្បីការពារខ្លួនយើង ការពារគ្រួសារ មនុស្សជាទីស្រឡាញ់របស់ខ្លួន សហគមន៍ និងសង្គមជាតិទាំងមូល។ នៅក្នុងពេលអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងស្តាប់សភាពការណ៍សុខភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងារបម្រើសេវាប្រជាពលរដ្ឋរបស់មន្ត្រី និងអាជ្ញាធរនៅមូលដ្ឋានសង្កាត់ សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានជម្រាបជូនអំពីស្ថានភាពនៃការរីករាលដាលរបស់វីរុសកូវីដ-១៩ នៅបណ្តាប្រទេសជុំវិញពិភពលោក កំពុងមានការកើនឡើង និងរាតត្បាតយ៉ាងកាចសាហាវបំផុត ដែលមកដល់ពេលនេះ ជំងឺប្រភេទថ្មីនេះ មិនទាន់មានអ្នកជំនាញវិទ្យាសាស្ត្រស្រាវជ្រាវរកឃើញវ៉ាក់សាំងការពារ និងរកឃើញវិធីព្យាបាលប្រកបដោយប្រសិទ្ធភាពនៅឡើយទេ។ សម្តេចវិបុលសេនាភក្ដីបានបន្តថា ដោយឡែកនៅកម្ពុជាអាស្រ័យដោយរាជរដ្ឋាភិបាល និងក្រសួងជំនាញពាក់ព័ន្ធទាំងអស់ ក្តាប់ជាប់ និងគ្រប់គ្រងសភាពការណ៍បានល្អ ព្រមទាំងបានត្រៀមលក្ខណៈដាក់នូវបណ្តាវិធានការទប់ស្កាត់ការពារបានល្អ និងទាន់ពេលវេលា បានធ្វើឱ្យស្ថានភាពនៃជំងឺនេះមានភាពធូរស្រាលមួយកម្រិតវិញ ទប់ស្កាត់បានការចម្លងចូលដល់សហគមន៍ប្រជាជន។ ជាងនេះទៀតប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ គឺយើងទប់ស្កាត់បានការមិនមានការឆ្លងថ្មី មិនមានអ្នកស្លាប់ ព្រមទាំងមានការព្យាបាលចំនួនអ្នកជាសះស្បើយកើនដល់១១០នាក់ ក្នុងចំណោមអ្នកវិជ្ជមានជំងឺវីរ៉ុសកូវីដ-១៩ ចំនួន១២២នាក់ក្នុងទូទាំងប្រទេស។ ប្រការទាំងនេះមិនមែនមានន័យថា មិនអាចកើតមាននូវរលកនៃការចម្លងកូវីដ-១៩ជាថ្មីនោះដែរ។ ដូច្នេះក្នុងមានតំណាងរាស្ត្រមណ្ឌលភ្នំពេញ សូមលើកទឹកចិត្តបន្តខិតខំការប្រុងប្រយ័តការពារទប់ស្កាត់ជានិច្ចជាបន្តទៅមុខទៀត។ សម្ដេចវិបុលសេនាភក្ដីបានបន្ដទៀតថា ចំពោះមុខត្រូវខិតខំផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងអនុវត្តន៍ខ្ជាប់ខ្ជួននូវបណ្តាវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងជំនាញ ជាពិសេសការអនុវត្តអនាម័យខ្លួនប្រាណ ហាត់ប្រាណ ការអនុវត្តគម្លាតសុវត្ថិភាព ត្រូវពាក់ម៉ាស់ការពារក្នុងករណីចាំបាច់ និងនៅកន្លែងដែលមានមនុស្សច្រើន ប្រការដែលសំខាន់នោះប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ត្រូវយល់ដឹង ដើម្បីការពារខ្លួនយើង ការពារគ្រួសារ មនុស្សជាទីស្រឡាញ់របស់ខ្លួន សហគមន៍ និងសង្គមជាតិទាំងមូលផងដែរ៕ by AKP ចែករំលែក