មេដឹកនាំកូរ៉េខាងជើង ជាមនុស្សអាថ៌កំបាំងជាងគេបំផុត លើពិភពលោក

(KBN)កូរ៉េខាងជើង៖ ប៉ុន្មានថ្ងៃនេះ សំនួរដែលចោទសួរអំពីបញ្ហាសុខភាពរបស់មេដឹកកូរ៉េខាងជើង លោក គីម ជុងអុន កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកនៅលើបណ្ដាញសង្គម ស្របពេលដែលមានព័ត៌មានក្រៅផ្លូវការណ៍ជាច្រើនបានចុះផ្សាយថាលោក គីម ជុងអ៊ុន ស្លាប់ ខ្លះថាលោកកំពុងធ្លាក់ខ្លួនទៅជាមនុស្សរុក្ខជាតិ ខ្លះថាលោកនៅមានសុខភាពល្អធម្មតា ជាក់ស្ដែងកាលពីព្រឹកថ្ងៃច័ន្ទ CNN បានចុះផ្សាយ ដោយស្រង់សម្ដីរបស់ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន ថា លោក គីម ជុងអ៊ុន មានសុខភាពល្អធម្មតា និងកំពុងស្នាក់នៅក្នុងទីក្រុង Wonsan ភាគខាងកើតនៃប្រទេសកូរ៉េខាងជើង តាំងតែពីថ្ងៃទី១៣មកម្លេះ ។

ជាមួយនឹងព័ត៌មានទាំងអស់ខាងលើនេះ បានបញ្ជាក់ឲ្យឃើញថា មេដឹកនាំវ័យក្មេងដ៏មានឥទ្ធិពល លោក គីម ជុងអ៊ុន គឺជាមនុស្សម្នាក់ដ៏អាថ៌កំបាំងបំផុត ដែលចាប់តាំងពីថ្ងៃលោកអវត្តមាន ក្នុងឱកាសអបអរខួបកំណើត នៃបិតាស្ថាបនិកប្រទេសកូរ៉េខាងជើង លោក គីម អ៉ីលស៊ុង រួចមក គ្មានព័ត៌មានផ្លូវការណាមួយបញ្ជាក់ឲ្យច្បាស់លាស់ទេថាលោកមានសុខភាពល្អ មិនល្អ ស្លាប់ ឬក៏រស់ឡើយ ហើយមិនត្រឹមតែរឿងនេះទេ សូម្បីតែរឿងជីវប្រវត្តិរបស់លោកក៏គ្មាននរណាម្នាក់ដឹងច្បាស់លាស់ដែរ ដូចជារឿងថ្ងៃខែឆ្នាំកំណើតជាដើម ។
ជាទូទៅគេបានសន្មត់ថា បច្ចុប្បន្ន លោក គីម ជុងអ៊ុន មានអាយុ៣៦ឆ្នាំ ដោយបានកើតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៨៤ តែក្នុងនោះគេក៏សង្ស័យថា លោកកើតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៨៣ ទៅវិញ សូម្បីតែនៅលើគេហទំព័ររាយនាមដ៏ធំលើពិភពលោក គឺ Wikipedia ក៏មិនមានសរសេរកំណត់ថា មេដឹកនាំបក្សកុម្មុយនិស្តរបស់កូរ៉េខាងជើងរូបនេះ កើតនៅឆ្នាំណាឲ្យប្រាកដដែរ កុំថាឡើយរឿងជីវប្រវត្តិ សូម្បីតែរឿងគ្រួសាររបស់លោក គីម ជុងអ៊ុន ក៏មិនសូវមានអ្នកដឹងច្បាស់ដែរ ដូចជាបច្ចុប្បន្នភរិយារបស់លោក គឺអ្នកស្រី រី ស៊ុលជូ គឺពុំមានអ្នកណាដឹងពីប្រវត្តិពិត របស់នាងឡើយ គេដឹងត្រឹមថា ជាអតីតសិល្បៈការិនីយោធា តែប៉ុណ្ណោះ រហូតដល់មានឯកសារខ្លះហ៊ាននិយាយថា នាងមិនមែនមានឈ្មោះ រី ស៊ុលជូ ទៀតផង មិនតែប៉ុណ្ណោះសូម្បីតែចំនួនកូនរបស់លោក គឺម ជុងអ៊ុន និងអ្នកស្រី រី ស៊ុលជូ ក៏មិនដឹងថា មានចំនួនប៉ុន្មាននាក់ដែរ ដឹងត្រឹមថា បើមិនម្នាក់ គឺពីរ ឬក៏បីនាក់ តែប៉ុណ្ណោះ ។

សរុបមក មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅតែជាមនុស្សអាថ៌កំបាំងបំផុតនៅលើពិភពលោកនេះ ដែលគ្រប់សកម្មភាពរបស់លោក តែងតែធ្វើឲ្យមនុស្សងឿងឆ្ងល់ជានិច្ច សូម្បីតែអ្នកកាសែតអាជីពស៊ើបយ៉ាងណា ក៏ត្រូវក្លាយជាអ្នកផ្តល់ព័ត៌មានមិនពិតដែរ ៕
