រថភ្លើងពិសេសរបស់លោក គីម ត្រូវបានប្រទះឃើញនៅទីក្រុង Wonsan ចំពេលដែល​កំពុងមាន​ពាក្យចចាមអារ៉ាមជុំវិញបញ្ហាសុខភាពរបស់លោក

បរទេស៖ កាលពីថ្ងៃអាទិត្យ ក្រុមអ្នកតាមដានរបស់សហរដ្ឋអាមេរិកបាននិយាយ​ដោយ​ដកស្រង់រូបភាព​តាមផ្កាយរណបពាណិជ្ជកម្មនៅលើតំបន់ថា រថភ្លើងដែលសន្មតថា ជា​របស់​មេដឹកនាំកូរ៉េខាងជើង  លោក គីម ជុង អ៊ុន ត្រូវបានគេប្រទះ​ឃើញ​នៅស្ថានីយមួយ​នៅទីក្រុង Wonsan ដែលជាទីក្រុងឆ្នេរសមុទ្រភាគខាងកើតនៃរដ្ឋកុម្មុយនិស្តមួយនេះ ចំពេល​ដែលកំពុងមានការ​សង្ស័យ​អំពីបញ្ហាសុខភាពរបស់លោក គីម។

យោងតាមរូបភាពតាមផ្កាយរណបនោះបានបង្ហាញថា រថភ្លើងមួយនោះ «ប្រហែលជារបស់​លោក គីម ជុង អ៊ុន ត្រូវបានចតនៅ​ស្ថានីយរថភ្លើងអ្នកដឹកនាំដែលបម្រើសេវាកម្មនៅ​បរិវេណទីក្រុង Wonsan ចាប់តាំងពីយ៉ាងហោចណាស់ថ្ងៃទី២១ ខែមេសា» ។ សេចក្តីរាយការណ៍បាននិយាយថា រថភ្លើងដែលមានប្រវែងប្រហែល ២៥០ម៉ែត្រនោះ បើទោះបីជាត្រូវបានគ្របដណ្ដប់ដោយ​ដំបូលស្ថានីយក៏ដោយ ក៏គេអាច​មើលឃើញនៅស្ថានីយរថភ្លើងដែលបម្រុងទុកសម្រាប់ប្រើប្រាស់ដោយក្រុមគ្រួសាររបស់លោក គីម ដែរ វាមិនមានវត្តមាននៅថ្ងៃទី១៥ ខែមេសាទេ ប៉ុន្តែមានវត្តមាននៅថ្ងៃទី២១ និង ២៣ ខែមេសា។

សេចក្តីរាយការណ៍បានបន្ថែមថា «វត្តមានរបស់រថភ្លើងនេះមិនបង្ហាញអំពីទីជម្រករបស់​មេដឹកនាំកូរ៉េខាងជើង ឬចង្អុលបង្ហាញ​អំពីសុខភាពរបស់លោកនោះទេ ប៉ុន្តែវាផ្តល់នូវទម្ងន់​ដល់​របាយការណ៍ដែលថា លោក គីម កំពុងស្នាក់នៅតំបន់អភិជនមួយនៅឆ្នេរ​សមុទ្រភាគ​ខាង​កើតរបស់ប្រទេសកូរ៉េខាងជើង»។

របាយការណ៍នេះបានលេចឡើង នៅខណៈដែលមានពាក្យចចាមអារ៉ាមអំពីសុខភាព​របស់​លោក គីម បានធ្វើទុក្ខនៅពេល​ដែលលោក គីម ទំនងជាកំពុងធ្វើទស្សនកិច្ចប្រចាំឆ្នាំ​ដ៏សំខាន់​មួយនៅវិមាន Kumsusan ក្នុងឱកាសគម្រប់ខួបកំណើត ១៥ឆ្នាំរបស់​ស្ថាបនិករដ្ឋ និងជីតារបស់លោក គឺលោក គីម អ៊ីល-ស៊ុង៕ (ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី) AKP

អត្ថបទដែលជាប់ទាក់ទង