ប្រជាកសិករកំពុងតែបង្កើនការដាំដុះស្រូវដើមរដូវ ដើម្បីផ្គត់ផ្គង់តំរូវការទីផ្សារក្នុងស្រុក ខណៈដែលកំពុងតែជួបប្រទះបញ្ហាជម្ងឺកូវីដ១៩រាតត្បាតជាសកល
ខេត្តកំពង់ឆ្នាំង៖ មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ប្រជាកសិករកំពុងតែបង្កើនការដាំដុះស្រូវក្នុងដើមរដូវ ដើម្បីផ្គត់ផ្គង់តំរូវការទីផ្សារក្នុងស្រុក ខណៈដែលកំពុងតែជួបប្រទះបញ្ហាជម្ងឺរាតត្បាតជាសកលកូវីដ១៩។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកំពុងតែមមាញឹកដាំដុះស្រូវដើមរដូវ ដែលជាទូទៅកសិករដាំដុះពូជស្រូវប្រភេទ ៥០៤ ប្រើរយះពេលខ្លីងាយទទួលបានផលច្រើន។ លោកបន្តថា រយៈពេលនេះ ប្រជាកសិករកំពុងតែធ្វើការដាំដុះ លើផ្ទៃដីជាងមួយម៉ឺនហិចតា។
លោកបានបន្តទៀតថា មន្ទីរបានសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ចុះជំរុញនិងណែនាំដល់ប្រជាកសិករ ឲ្យចាប់ផ្តើមបង្កបង្កើនស្រូវដើមរដូវ ដោយសារតែឆ្នាំនេះមានភ្លៀងធ្លាក់គ្រប់គ្រាន់ ដែលផ្តល់ភាពងាយស្រួលដល់វិស័យកសិកម្ម ។ដោយឡែកក្រៅពីប្រភពទឹកភ្លៀង កសិករអាចធ្វើការបូមទឹកចេញពីទន្លេ យកមកស្រោចស្រព ដែលធ្វើឲ្យស្រូវដើមរដូវមានការលូតលាស់ល្អ និងពុំមានការយាយីពីកត្តាសត្វល្អិតចង្រៃអ្វីឡើយ។
និយាយជារួមទៅ មន្ទីរបានជំរុញការដាំដុះស្រូវដើមរដូវហ្នឹង ដែលមានស្រុកបរិបូណ៌ ស្រុកជល់គីរី ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកទឹកផុស ដែលមានសក្តានុ ពលពីទំនប់អាចាំង តាមបឹង ទន្លេ និងធារាសាស្រ្ត ហើយមន្ទីរគ្រោងនិងធ្វើស្រូវដើមរដូវនេះដែលពួកគាត់ប្រមូលផលនៅចុងខែ៨ និងដើមខែកញ្ញានេះ លើផ្ទៃដីប្រហែលជាប្រាំពាន់ហិចតា ហើយលើផ្ទៃដីប្រាំពាន់ហិចតានេះ គឺយើងឃើញថាអាចមានប្រភពទឹកគ្រប់គ្រាន់ ពួកគាត់អាចដាំដុះបាន មកដល់ពេលនេះយើងឃើញថា ការលូតលាស់ស្រូវរបស់ពួកគាត់ គឺមានការល្អប្រសើរជាងឆ្នាំមុន។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានផ្ដល់អនុសាសន៍ណែនាំឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញផលិតកម្មដំណាំស្រូវ និងបន្លែ នៅតាមទីតាំងនិងតំបន់ដែលមានសក្តានុពល និងពង្រីកការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា៕ by AKP