រដ្ឋាភិបាលចិន បានប្រកាសជំហរក្នុងការជួយស្តារសេដ្ឋកិច្ចកម្ពុជាឲ្យប្រសើរឡើងវិញ ក្រោយបញ្ចប់វិបត្តិជំងឺកូវីដ-១៩


ប្រមុខការទូតជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងប៉េកាំង បានឲ្យដឹងថា ចិននឹងបន្តជួយគាំទ្រកម្ពុជាតទៅទៀត ដើម្បីជំរុញការអភិវឌ្ឍឲ្យកាន់តែខ្លាំងក្លាថែមទៀត។
ការបញ្ជាក់ជំហរសារជាថ្មីរបស់ភាគីចិននេះ បានធ្វើឡើងតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទរវាងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន អំពីការរួមកំលាំងគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៧ ខែមេសា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែមេសានេះ បានបញ្ជាក់ថា អាទិភាពរបស់ភាគីចិន គឺបន្តជំរុញកិច្ចសហប្រិបត្តិការក្នុងក្របខណ្ឌនានា ដើម្បីជំរុញសេដ្ឋកិច្ចឲ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩ ដោយផ្តោតការយកចិត្តទុកដាក់លើវិស័យសំខាន់ៗដែលបានព្រមព្រៀងគ្នាកន្លងមក។
ក្រសួងការបរទេស បានឲ្យដឹងទៀតថា រដ្ឋាភិបាលចិន បានអរគុណកម្ពុជាដែលបានប្រឆាំងនឹងការធ្វើនយោបាយតូបនីយកម្ម និងល្បែងទំលាក់កំហុស ក្នុងពេលដែលត្រូវរួមគ្នាដើម្បីប្រឈមនឹងការគំរាមកំហែងរួមចំពោះមនុស្សជាតិ ដោយក្នុងនោះឯកឧត្តម វ៉ាង យី បានចាត់ទុកការដែលកម្ពុជាគាំទ្រកិច្ចប្រឹប្រែងរបស់អង្គការសុខភាពពិភពលោក គឺជាជំហរមួយដ៏ត្រឹមត្រូវ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអរគុណចិនដែលបានបញ្ជូនគ្រូពេទ្យ និងសម្ភារពេទ្យ ក៏ដូចជាវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ឲ្យរោងចក្រនៅកម្ពុជា បន្តដំណើរការ និងជួយយកចិត្តទុកដាក់ចំពោះពលរដ្ឋ និងនិស្សិតខ្មែរដែលធ្វើការ និងសិក្សានៅក្នុងប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង