ស.ស.យ.ក ស្រុកស្ទឹងត្រង់ និងគណៈអភិបាលស្រុក នាំយកអំណោយចែកជូនប្រជាពលរដ្ឋ១គ្រួសារ និងចូលរួមធ្វេីការផ្សព្វផ្សាយអំពីជំងឺ កូវីដ១៩

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ លោក បាន ស្រេង ប្រធាន ស.ស.យ.ក ស្រុកស្ទឹងត្រង់ អមដំណើរដោយលោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក បានដឹកនាំសមាជិក ស.ស.យ.ក ស្រុក នាំយកអំណោយមួយចំនួនមកចែកជូនប្រជាពលរដ្ឋ១គ្រួសារដែលមានជីវភាពទីទាល់ក្រ ហេីយប្រសូត្របានកូនភ្លោះ២ ដែលស្ថិតនៅក្នុងឃុំដងក្តារ ស្រុកស្ទឹងត្រង់ រួមមានអង្ករ ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកសុីអីុវ១យួរ ទឹកដោះគោឆៅ២ឡូ ស្ករស២គីឡូក្រាម មុង២ និងសម្ភារៈផ្ទះបាយមួយចំនួន ព្រមទាំងថវិកាចំនួន ២០០០០០រៀល។

បន្ទាប់មកក្រុមការងារយុវជនយេីងបានចុះធ្វេីការផ្សព្វផ្សាយអំពីជំងឺ កូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ និងបានចែកម៉ាស់ដល់ពួកគាត់ ហើយបានពន្យល់ឲ្យគាត់ត្រូវមានអនាម័យជានិច្ចដើម្បីឲ្យមានសុខភាពល្អស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕ by AKP

អត្ថបទដែលជាប់ទាក់ទង