Detail Top Banner

យុទ្ធនាការថ្ងៃដំបូង នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៃការផាកពិន័យតាមអនុក្រឹត្យលេខ៣៩ មានម៉ូតូនិងរថយន្តរាប់ពាន់គ្រឿងល្មើសនឹងច្បាប់

ភ្នំពេញ៖ យុទ្ធនាការថ្ងៃដំបូង នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបង្កើនចំនួនទឹកប្រាក់ នៃការផាកពិន័យតាមអនុក្រឹត្យលេខ៣៩ មានម៉ូតូ និងរថយន្ដប្រមាណ ១៨០០គ្រឿង ដែលល្មើសនឹងច្បាប់ ហើយត្រូវសមត្ថកិច្ចឃាត់ដើម្បីធ្វើការផាកពិន័យនៅទូទាំងប្រទេស ពេញមួយព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ។

នៅរសៀលថ្ងៃទី១ ខែឧសភា ​ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា «ចាប់ពីវេលាម៉ោង ៧ ដល់ម៉ោង ១០ព្រឹក ថ្ងៃទី១ ខែឧសភានេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស បានឃាត់រថយន្ត និងម៉ូតូ ប្រមាណ ១៨០០គ្រឿង ដែលល្មើសចរាចរណ៍ ហើយត្រូវបានផាកពិន័យតាមច្បាប់»។

ដោយឡែក សម្រាប់តែភូមិសាស្រ្តរាជធានីភ្នំពេញ មានម៉ូតូ និងរថយន្ដ ៩៨០គ្រឿង ដែលសមត្ថកិច្ចធ្វើការឃាត់ដោយសារការល្មើសច្បាប់ចរាចរណ៍នេះ ក្នុងនោះមានម៉ូតូ៩០០គ្រឿង និងរថយន្ត ៨០គ្រឿង។

សូមជម្រាបថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តន៍កម្រិតផាកពិន័យកើនឡើងពី៣ទៅ៥ដង។

វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញ ដើម្បីឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុក កាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាព ដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ។

មុននឹងចាប់ផ្តើមអនុវត្តន៍នូវការរឹតបន្តឹងច្បាប់នេះ មន្ត្រីនគរបាលចរាចរណ៍បានធ្វើការផ្សព្វផ្សាយអស់ពេលមួយរយៈកន្លងមកហើយ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ឲ្យដឹងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ចរាចរណ៍ ដើម្បីសួរនាំរកឯកសារនោះទេ។ អ្នកធ្វើដំណើរត្រឹមត្រូវ គឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញាទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ។

ជាមួយគ្នានេះ ចំពោះការដំឡើងកម្រិតផាកពិន័យ សម្ដេចបានផ្ដល់ការពន្យល់ជូនទៅវិញបងប្អូនប្រជាពលរដ្ឋថា មិនមែនមានន័យថា ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ដែលដឹកនាំ និងអ្នកអនុវត្តច្បាប់ចង់បានប្រាក់ពីប្រពលរដ្ឋនោះទេ។ ផ្ទុយទៅវិញនេះ គឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូនពលរដ្ឋទៅវិញទេ៕ by FN

អត្ថបទដែលជាប់ទាក់ទង