មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បន្តចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងជនល្មើស ដែលបានរុករានទន្ទ្រានកាន់កាប់ដីព្រៃនៅក្នុងតំបន់ដែនជម្រកសត្វព្រៃទាំង៤
ខេត្តមណ្ឌលគិរី៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា សមត្ថកិច្ចក្រសួងបរិស្ថានដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នឹងបន្តចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងជនល្មើស ដែលបានរុករានទន្ទ្រានកាន់កាប់ដីព្រៃនៅក្នុងតំបន់ដែនជម្រកសត្វព្រៃទាំង ៤ រួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃភ្នំណាមលៀរនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃការទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថានៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២០នេះថា ក្នុងខែមេសាកន្លងទៅនេះ មេខ្លោង និងជនល្មើសចំនួន ១៣ នាក់ដែលជាប់ពាក់ព័ន្ធនឹងការរុករានទន្ទ្រានកាន់ កាប់ដីព្រៃជាច្រើនហិកតា នៅក្នុងរបៀងអភិរក្សជីវៈចម្រុះក្នុងស្រុកកោះញែក ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេចក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រកែវសីមាត្រូវបានសាលាដំបូងខេត្តមណ្ឌល គិរីសម្រេចចោទប្រកាន់ និងឃុំខ្លួនពាក់ព័ន្ធករណីកាប់គាស់ រុករាន ឆ្ការ ដុតនិងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិដែលត្រូវបានការពារដោយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖
«គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញឬលក់ដូរដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិបានឡើយ ក្រសួងបរិស្ថានក៏សូមស្នើសុំបងប្អូនប្រជាពលរដ្ឋដែលមិនបានយល់ដឹងច្បាស់ពីច្បាប់ សូមឈប់ចាញ់បោកជនខិលខូចបន្តទៀត និងសូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ខុសច្បាប់ជាអាទិ៍ ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រានដីព្រៃ ការសាងសង់ខ្ទមឬរោង ការដាំដុះដំណាំ និងការអាស្រ័យលើលើដីរបស់រដ្ឋនៅក្នុង តំបន់ការពារធម្មជាតិ។ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការទិញលក់ដីរដ្ឋ និងការបញ្ជាក់ការទិញលក់ដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិហើយត្រូវរុះរើសំណង់គ្រប់ប្រភេទដោយខ្លួនឯង និងប្រគល់ទីតាំងដីទាំងនោះ ដោយឥតលក្ខខណ្ឌមកជូនក្រសួងបរិស្ថានគ្រប់គ្រងវិញ បើពុំនោះទេនឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់»។ រដ្ឋលេខាធិការក្រសួងបរិស្ថានរុបនេះ ក៏បានថ្លែងបញ្ជាក់ថា ក្រសួងបរិស្ថានសូមបដិសេធនូវរាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដីដោយខុសច្បាប់គ្រប់ប្រភេទដូចជាការទន្ទ្រានកាន់កាប់ ការផ្ទេរ ការទិញលក់ដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ»។
រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងចំណោមជនល្មើសទាំង១៣ នាក់ដែលត្រូវបានងនុវត្តវិធានការច្បាប់នៅក្នុងខេត្តមព្ឌលគិរីក្នុងអំឡុងខែមេសា កន្លងទៅនេះរួមមាន៖ បុរស ៣ នាក់ ត្រូវបានសាលាដំបូងសម្រេចដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធករណីកាប់គាស់ និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងទំហំជាង ៣៤ហិកតាតាមបញ្ញត្តិមាត្រា៦២ និងមាត្រា៥៦ បទល្មើសធនធានធម្មជាតិថ្នាក់ទី៤ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ជនសង្ស័យ ២នាក់ទៅតុលាការពាក់ព័ន្ធករណីកាប់គាស់ និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិនៅត្រង់ចំណុចត្រពាំងទឹកល្អក់ ឋិតក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។ មន្រ្តីជំនាញបរិស្ថានបានត្រួតពិនិត្យកន្លែងកើតហេតុឃើញថាមានការកាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ហើយបានវាស់វែងជាក់ស្ដែងលើផ្ទៃដីមានទំហំជិត ៧៨ហិកតា មនុស្ស ៣នាក់ផ្សេងទៀតត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្នពីបទកាប់បំផ្លាញរុក្ខជាតិក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ នៃដែនជម្រកសត្វព្រៃភ្នំព្រេច តាមបញ្ញត្តិមាត្រា៦០ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្តឱ្យដឹងទៀតថា កាលពីថ្ងៃទី២៥ ខែមេសា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរីក៏បានសម្រេចឃុំខ្លួនបុរស៣នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធករណីកាប់គាស់ និងរុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ តាមបញ្ញត្តិមាត្រា៦២ និងមាត្រា៥៦ បទល្មើសធនធានធម្មជាតិថ្នាក់ទី៤ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ជនត្រូវចោទទាំង៣នាក់ ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី តាមដាន និងស្រាវជ្រាវសកម្មភាពកាប់គាស់ និងរុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ នៅចំណុចអូរជីមីស ឋិតក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក ហើយឈានដល់ការចាប់ឃាត់ខ្លួនបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នលើជនត្រូវចោទ២រូបពីបទកាស់គាស់ និងរុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ តាមបញ្ញត្តិមាត្រា៦២ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ មនុស្សទាំង ២នាក់នេះជាមុខសញ្ញាមេខ្លោងដ៏សកម្មក្នុងការគូសវាសចែកដីរដ្ឋដោយខុសច្បាប់នៅត្រង់ចំណុចអូរយីងខាងជើង ឋិតក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថាឱ្យដឹងថាក្រុមជនល្មើសទាំងនេះបានប្រើប្រាស់វិធីសាស្ត្រ និងល្បិចកល ជារូបភាពផ្សេងៗគ្នាដើម្បីរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដើម្បីបន្លំថាក្រុមខ្លួនបានរស់នៅ និងអាស្រ័យផលលើដីនោះជាយូរឆ្នាំមកហើយ។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា នៅពេលខ្លះ ក្រុមជនខិលខូចមួយចំនួន
បានប្រើប្រាស់និងបោកបញ្ឆោតប្រជាពលរដ្ឋស្លូតត្រង់មួយចំនួនឱ្យចូលរុករាន កាប់ឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ និងលក់ក្នុងតម្លៃថោកៗឱ្យខ្លួនដោយប្រើប្រាស់វិធីសាស្ត្រមួយចំនួន ដើម្បីទន្ទ្រានកាន់កាប់ដីធ្លីក្នុងនោះរួម មានការដាំដំណាំផ្សេងដែលងាយនឹងលូតលាស់ដូចជាដើមចេក ដើមស្វាយចន្ធី និងដំណាំហូបផ្លែផ្សេងទៀត ហើយមួយចំនួនទៀត បានប្រើប្រាស់វិធីសាស្ត្រគ្រៀវដើមឈើផង និងដាំដំ
ណាំយុទ្ធសាស្ត្រផ្សេងៗផង។ ចំពោះបញ្ហាទាំងនេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថាជាទង្វើខុសច្បាប់ ហើយជនដែលពាក់ព័ន្ធនឹងទង្វើនេះត្រូវប្រឈមមុខនឹងច្បាប់ជាដាច់ខាត។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថានៅរៀងរាល់ថ្ងៃ មន្ត្រីក្រសួងបរិស្ថាន ជាពិសេសមន្ត្រីឧទ្យានុរក្សទាំង ១២៦០ នាក់ដែលមានតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ និងជាឆ្មាំការពារ ធម្មជាតិនៅលើផ្ទៃដីអភិរក្សសរុបប្រមាណជាង ៧,២ លានហិកតានឹងបង្កើនសកម្មភាពចុះល្បាតរបស់ខ្លួន ដើម្បីទប់ស្កាត់ការរុនរានទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់ក៏ដូចជាបទល្មើសព្រៃឈើ ការបរបាញ់សត្វខុសច្បាប់ និងជាពិសេសទប់ស្កាត់ការកាប់ឆ្ការនិងរុករានដីព្រៃខុសច្បាប់ និងដាំដំណាំយុទ្ធសាស្ត្រផ្សេងៗដើម្បីទន្ទ្រានកាប់កាប់ដី៕