ការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ចំពោះមន្ទីរពិសោធន៍របស់កម្ពុជា គឺជាសក្ខីភាពនៃគុណភាពវេជ្ជសាស្រ្តរបស់កម្ពុជាយើង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការទទួលស្គាល់នូវគុណភាពមន្ទីរពិសោធន៍របស់កម្ពុជា (វិទ្យាស្ថានជាតិប៉ាស្ទ័រ) ពីសំណាក់អង្គការសុខភាពពិភពលោក គឺបានបង្ហាញពីសក្ខីភាព នៃគុណភាពវេជ្ជសាស្រ្តសុខាភិបាលរបស់ប្រទេសកម្ពុជា។
ឯកឧត្តមវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា៖ “ការទទួលបានការទទួលស្គាល់ជាផ្លូវការពីសំណាក់អង្គការសុខភាពពិភពលោក ក្នុងការពិសោធន៍រកមេរោគកូវីដ១៩ គឺត្រូវឆ្លងកាត់ការវាយតម្លៃនូវលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវច្បាស់លាស់មួយ ខណៈនៅក្នុងប្រទេសកម្ពុជាយើង គឺមានតែវិទ្យាស្ថានជាតិប៉ាស័្ទរប៉ុណ្ណោះដែលត្រូវបានទទួលស្គាល់ជាផ្លូវការ បន្ទាប់ពីបានបំពេញនូវលក្ខខណ្ឌបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក។”
សូមបញ្ជាក់ថា វិទ្យាស្ថានជាតិប៉ាស័្ទរកម្ពុជា ស្ថិតក្នុងចំណោមមន្ទីរពិសោធន៍ សម្រាប់ការពិនិត្យមេរោគកូវីដ១៩ ទាំង២៦ នៃប្រទេសចំនួន២២ ដែលជាសមាជិកបណ្តាញមន្ទីរពិសោធន៍បង្អែក នៃអង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
ឆ្លើយតបទៅនឹងការធ្វើតេស្តរកមេរោគកូវីដ១៩នៅកម្ពុជា ដែលមានការយល់ច្រឡំថាធ្វើតេស្តបានតិចពេកជាដើម ឯកឧត្តម លី សូវ៉ាន់ បានពន្យល់ថា៖ “ពិតមែនតែពេលនេះ យើងបានធ្វើវិភាគសំណាកបានជាង១០,០០០វិភាគក៏ពិតមែន នៅវិទ្យាស្ថានជាតិប៉ាស្ទ័រ និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល ប៉ុន្តែការធ្វើនេះគឺច្រើនជាងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីយើងនេះ និងប្រទេសខ្លះទៀតនៅក្នុងពិភពលោកផងដែរ ហើយការធ្វើវិភាគនេះគឺយោងទៅលើកម្ពុជាយើង ពុំមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គឺមានតែការនាំចូលជាលក្ខណៈរប៉េះរប៉ោះប៉ុណ្ណោះ និងការឆ្លងពីម្នាក់ទៅម្នាក់តិចតួចបំផុត ក្នុងលក្ខខណ្ឌដែលអាចគ្រប់គ្រង ទើបយើងពុំធ្វើវិភាគជាលក្ខណៈទ្រង់ទ្រាយធំ ប៉ុន្តែសមត្ថភាពនៃមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័ររបស់យើងគឺអាចធ្វើបាន ហើយខ្ញុំក៏សូមសំណូមឱ្យបងប្អូនប្រជាពលរដ្ឋជឿជាក់លើសមត្ថភាពរបស់មន្ទីរពិសោធន៍របស់យើង និងក្រសួងសុខាភិបាល គឺពុំមានមូលហេតុណាមួយទាល់តែសោះ ដែលត្រូវលាក់លៀម ឬលាក់បាំងព័ត៌មាននៃការឆ្លងវីរុសកូវីដ១៩នៅកម្ពុជានោះទេ។”
ចំពោះក្រុមគ្រូពេទ្យជំនាញផ្នែកសុខាភិបាលវិញ ការរកពុំឃើញមានករណីឆ្លងកូវីដ១៩ ក៏ពុំមែនសុទ្ធតែជារឿងល្អប៉ុន្មាននោះដែរ ព្រោះនេះក៏អាចជាមូលហេតុដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានការធ្វេសប្រហែសទៅវិញទេ ដូចជាករណីប៉ុន្មានថ្ងៃនេះ ខណៈដែលប្រជាពលរដ្ឋជាច្រើនបានសម្រុកចេញទៅឆៀករថយន្ត ឬខ្លះទៅប្តូរសុពលភាពប័ណ្ណបើកបរ ហាក់ដូចជាបង្ហាញនូវការធ្វេសប្រហែសច្រើន ក្នុងនោះមានខ្លះពុំពាក់ម៉ាស ពុំរក្សាគម្លាតសុវត្ថិភាព និងមានការប្រមូលផ្តុះជាលក្ខណៈទ្រង់ទ្រាយធំ។ល។ ការធ្វេសប្រហែសនេះហើយ ដែលរលកទី២ នៃវីរុសកូវីដ១៩អាចវាយប្រហារបានគ្រប់ពេល នៅពេលដែលកម្ពុជាទើបបានឆ្លងផុតរលកទី១ ព្រោះថាកម្ពុជាពុំអាចឈ្នះកូវីដទាំងស្រុងនោះទេ ក្នុងកាលៈទេសៈដែលប្រទេសនៅជុំវិញកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងរងការរាតត្បាតជំងឺនេះនៅឡើយ។
គួររម្លឹកថា រហូតមកទល់ថ្ងៃនេះ កម្ពុជាពុំមានរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មី ចំនួន២០ថ្ងៃជាប់ៗគ្នាមកហើយ ខណៈអ្នកដែលកំពុងសម្រាកព្យាបាលនៅសល់តែ០២នាក់ប៉ុណ្ណោះ៕ by AKP