អគ្គីភ័យមួយកើតឡើង ឆេះសិប្បកម្មផលិតកេះស្នោ

វេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ មានករណីអគ្គីភ័យមួយកើតឡើងដែលបណ្តាលមកពីការឆេះសិប្បកម្មផលិតកេះស្នោ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តភូមិព្រែកប្រស់ឃុំទឹកថ្លាស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សិប្បកម្មដែលរងការឆាបឆេះខាងលើឈ្មោះ ស៊ុង ហាន មានម្ចាស់ឈ្មោះ អាំង ជឺស៊ូង ភេទប្រុស ជនជាតិចិន ។ ក្នុងហេតុការណ៍នេះកម្លាំង អាវុធហត្ថ ស្រុកព្រៃនប់ ចំនួន១០នាក់ ដឹកនាំដោយលោកអនុសេនីយឯក ម៉ែន វណ្ណា មេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកព្រៃនប់ សហការជាមួយកម្លាំង កងរាជអាវុធហត្ថខេត្តកំពត និងកងកម្លាំងនគរបាលស្រុកព្រៃនប់ សំរួលចរាចរ ការពារទីតាំងកើតហេតុ
បញ្ច្រៀសការរាលដាលបន្ត ដោយពន្លត់បានជាស្ថាពរ ។
បើតាមការឲ្យដឹងជាបឋមពីសមត្ថកិច្ចមូលដ្ឋាន អគ្គីភ័យនេះ មានមូលហេតុអំពីក្រុមជាងផ្សាដែកធ្វើដំបូល ធ្លាក់ផ្កាភ្លើងលើកេះស្នោ បណ្តាលឱ្យឆាបឆេះតែម្តង ។
ចំពោះតួរលេខនៃការខូចខាតនៅមិនទទួលបានសេចក្តីរាយការណ៍ច្បាស់លាស់នៅឡើយទេ ៕ ប្រភព មន្ទីរព័ត៌មានខេត្តព្រះសីហនុ


