ក្រសួងបរិស្ថាន បង្ហាញលទ្ធផលបង្ក្រាប បទល្មើសធនធានធម្មជាតិ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន នៅថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០បានឱ្យដឹងថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២០នេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីសមាជិក នៃសហគមន៍តំបន់ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធ បានចុះល្បាតដើម្បីការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងខេត្តទាំង៤ នៃភូមិសាស្ត្រតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ បានចំនួន ៥១១លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមមាន៖ ការលួចកាប់ឈើខុសច្បាប់ ទន្ទ្រានកាន់កាប់ដីព្រៃ ការបរបាញ់សត្វខុសច្បាប់ បានចំនួន ៣៩៩លើក ។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា បទល្មើសកាប់ឈើ និងទន្ទ្រានដីព្រៃ ខុសច្បាប់មានចំនួន ៣២ករណី ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីដំណើរការតាមនីតិវិធី និងបានធ្វើកិច្ចសន្យាអប់រំណែនាំចំនួន ៤២ករណី ដែលមានមនុស្សពាក់ព័ន្ធជិត ១០០នាក់។
នៅក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ក្នុងទំហំដីជាង ៤៣ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានឱ្យដឹងថា មន្ត្រីឧទ្យានុរក្សនិងប្រជាសហគមន៍តំបន់ការពារធម្មជាតិ បានរឹបអូសវត្ថុតាងជាច្រើន ក្នុងនោះរួមមាន៖ រឹបអូសរណាយន្តបានចំនួន ១៩៣គ្រឿង រថយន្ត ២គ្រឿង គោយន្តចំនួន ៣៤គ្រឿង ម៉ូតូ ២៥ គ្រឿង និងរឹបអូសឈើដែលបានកាប់បំផ្លាញចំនួន ១៧៩ម៉ែត្រគូប ឈើហ៊ុប និងឈើដុំចំនួន ១៦៥កំណាត់។ រដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានបង្ហាញផងដែរថា នៅក្នុងអំឡុងនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសរយៈពេល ៤ខែដើមឆ្នាំ២០២០នេះ កម្លាំងមន្ត្រីឧទ្យានុរក្ស ក៏បានបំផ្លាញរុះរើរោងអនាធិបតេយ្យក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ចំ នួន ៣៤ រោង និងបានដកហូតកាំភ្លើងកែច្នៃដែលប្រើប្រាស់សម្រាប់ការបរបាញ់សត្វខុសច្បាប់បានចំនួន ២៩ដើម និងបានដោះអន្ទាក់បានចំនួន ៧២៤អន្ទាក់។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នៃតំបន់ការពារធម្មជាតិ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ទោះបីជាមានការចុះទប់ស្កាត់ និងបង្ក្រាបទាំងយប់ទាំងថ្ងៃពីសំណាក់មន្ត្រីឧទ្យានុរក្ស និងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ ក៏បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចៗ ដូចជាការលបលួចកាប់ឈើ ការទន្ទ្រានរានយកដីធ្វើជាកម្មសិទ្ធិ ការបរបាញ់ និងការដាក់អន្ទាក់សត្វព្រៃនៅតែបន្ដកើតមាននៅក្នុងតំបន់ព្រៃឡង់ ដែលចាំបាច់ត្រូវចាត់វិធានការទប់ស្កាត់ និង បង្ក្រាបបន្តទៀត។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មានកត្តាផ្សេងៗដែលជំរុញឱ្យមានបទល្មើសទាំងនេះ ក្នុងនោះរួមមាន៖ កត្ដាជីវភាពរបស់ប្រជាសហគមន៍ ដែលធ្លាប់តែពឹង អាស្រ័យទៅលើផលអនុផលព្រៃឈើ និងការទាក់ទាញ និងញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំនឹងចំនួនមន្រ្ដីឧទ្យានុរក្ស ដែលបានឈរជើងនៅក្នុងតំបន់នោះនៅមានកម្រិតនៅឡើយ។ឯកឧត្តមក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ បានយកចិត្ដទុកដាក់ខ្ពស់លើការរៀបចំ និងពង្រឹងយន្ដការគ្រប់គ្រងការ ផ្ដល់មធ្យោបាយ ឧបករណ៍ សម្ភារ ក៏ដូចជាការជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានបន្ថែមទៀត តាមរយៈការបង្កើតមុខរបរថ្មី បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូល ការជំរុញទេសចរណ៍ធម្មជាតិជាដើម ដើម្បីធានាប្រសិទ្ធភាព នៃការងារគ្រប់គ្រង ការពារ និងអភិរក្សតំបន់ព្រៃឡង់។ បច្ចុប្បន្ននេះក្រសួងបរិស្ថាន បាននិងកំពុងសហការអនុវត្តន៍គម្រោងការពារ និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ជាមួយគម្រោងព្រៃឡង់បៃតង គាំទ្រថវិកាដោយ USAID របស់សហរដ្ឋអាមេរិកសម្រាប់រយៈពេល ៥ឆ្នាំ (២០១៨-២០២៣) ក្នុងទំហំទឹកប្រាក់ ២១លានដុល្លារអាម៉េរិក។
ឯកឧត្តមបានបន្តថា គម្រោងព្រៃឡង់បៃតង មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអភិរក្សជីវៈចម្រុះ និង ស្ថានភាពប្រព័ន្ធអេកូឡូស៊ី ព្រមទាំងបង្កើតឱ្យមាននិរន្តរភាព និងសមធម៌នៃកាលានុវត្តភាពផ្នែកសេដ្ឋកិច្ច ជីវភាពសហគមន៍ និងទុនធម្មជាតិសម្រាប់ការវិនិ យោគឡើងវិញ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងតំបន់កាពារធម្មជាតិ ជុំវិញតំបន់ព្រៃឡង់។ គម្រោងនេះមានកិច្ចសហការជាមួយក្រសួងបរិស្ថាន ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីពង្រឹងការការពារ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះផ្តោតលើការងារកំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការរៀបចំផែន ការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃ «ព្រៃ ឡង់» និងតំបន់ការពារធម្មជាតិមួយចំនួនជុំវិញ តំបន់ព្រៃឡង់ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីឧទ្យានុរក្ស ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាសហគមន៍ អភិរក្សប្រពៃណីជនជាតិដើមភាគតិច៕ by AKP