ប្រទះឃើញចម្លាក់សត្វអណ្តើកថ្មីមួយទៀត ដោយកំណាយស្រាវជ្រាវបុរាណវិទ្យានៅការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់

ខេត្តសៀមរាប៖ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម និមន្តពិនិត្យសកម្មភាពជួស ជុលប្រាសាទកណ្តាលស្រះស្រង់ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ អមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បាននិមន្តស្វែងយល់ការវិវត្តនៃការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់។
ការនិមន្តរបស់ព្រះមហាវិមលធម្មនាពេលនេះ គឺស្របនឹងការរកឃើញជាបន្តបន្ទាប់នូវបុរាណវត្ថុដែលជា មរតកវប្បធម៌ដ៏មានតម្លៃដូចជា ត្រីសូល៍ គ្រាប់ខ្វាតព៌ណស (គ្រីស្តាល់?) ចម្លាក់សត្វនាគ ចម្លាក់អណ្តើក ។ល។

ជាពិសេសនៅរសៀលថ្ងៃនោះ ក្រុមការងារទើបនឹងបានប្រទះឃើញចម្លាក់សត្វអណ្តើកថ្មីមួយទៀត។
នាឱកាសនោះ ព្រះមហាវិមលធម្មបានសម្តែងនូវទឹកព្រះទ័យសប្បាយរីករាយនិងបានថ្លែងនូវអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានខិតខំបំពេញការងារយ៉ាងខ្ជាប់ខ្ជួន និងទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ។

ព្រះមហាវិមលធម្មក៏បានផ្តល់ឱវាទនិងប្រសិទ្ធិពរជ័យបវរមហាប្រសើរដល់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារទាំងអស់ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ សូមឲ្យបន្តយកចិត្តទុកដាក់ ព្រោះថាវត្ថុបុរាណដ៏មានតម្លៃទាំងនេះ គឺជាស្នាដៃបុព្វបុរសខ្មែរបានបន្សល់ទុក ហើយត្រូវបានលុប ឬកប់ក្នុងដី យើងត្រូវរក្សាទុក និងបន្តវេនក្នុងការថែរក្សាសម្បត្តិវប្បធម៌នៃជាតិខ្មែរយើងឲ្យបានគង់វង្ស យូរអង្វែង និងអភិរក្ស ឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងយល់ដឹង ៕





