ឯកឧត្តម គោស៊ុំ សារឿត ចុះផ្សព្វផ្សាយអំពីការទប់ស្កាត់រាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ៤ឃុំ
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម គោស៊ុំ សារឿត អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោក រ័ត្នដា សុីណង់ អភិបាលស្រុកមង្គលបូរី អមដំណើរដោយ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក អធិការស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទឿត បានចុះផ្សព្វផ្សាយអំពីការទប់ស្កាត់រាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ៤ឃុំ ក្នុងនោះមានឃុំគុយម៉ែង ឃុំ តាឡំ ឃុំឬស្សីក្រោក ឃុំបន្ទាយនាង ដែលមានប្រជាពលរដ្ឋចូលរួម ២២០គ្រួសារ ក្នុងនោះលោក គោស៊ុំ សារឿត បានធ្វើការចែកអំណោយដល់ប្រជាពលរដ្ឋទាំង២២០គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ ២០គីឡូក្រាម និងក្រម៉ា១ ជាអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកសភា មណ្ឌលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមករងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ក្នុងសាលារៀនចុងវ៉ា ក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក
ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម គោស៊ុំ សារឿត បាននិយាយថា៖ ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ឬហៅថា Covid-19 ជាជម្ងឺមួយដ៏កាចសាហាវ ឆ្លងក្នុងល្បឿនលឿន នៅក្នុងពិភពលោកអ្នកកើតជម្ងឺនេះវាងាយនិងស្លាប់ណាស់ពិសេសអ្នកមានជម្ងឺ ជនចាស់ជរា ប្រជាពលរដ្ឋផ្តុំក្បាលគ្នាជាក្រុម រហូតមកដល់ថ្ងៃនេះនៅមិនទាន់មានក្រុមគ្រូពេទ្យជំនាញណាអាចរកឃើញថ្នាំសម្លាប់មេរោគនេះបាននៅឡើយទោះបីជាជម្ងឺនេះមានការអន់ថយយ៉ាងណាក៏ដោយសូមកុំមើលងាយជម្ងឺនេះឲ្យសោះ បើវាផ្ទុះម្តងទៀតប្រជាពលរដ្ឋខ្មែរអាចនិងស្លាប់ច្រើនដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវគោរពគោលការណ៍របស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ដូចជាការពារទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះឲ្យបានត្រឹមត្រូវ ៖
១.រក្សាសុខភាព រក្សាអនាម័យនិងចូលរួមអនុវត្តត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២.ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣.ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥.បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។
លោកបានបន្តទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋណាបើខឹងថាមានរោគសញ្ញា ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ក្នុងករណីមានរោគសញ្ញាទាំងអស់នេះ ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និងស្វែងរកសេវាសុខាភិបាលហើយធ្វើកិច្ចការនេះឲ្យជាប់ជាប្រចាំ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យគាត់បានយល់ដឹងកាន់តែច្បាស់អំពីវិធានការ ការពារ ទប់ស្កាត់ អំពីការរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលកំពុងតែឆ្លង មកប្រទេសកម្ពុជាយើង។
ឯកឧត្ដមបានបញ្ជាក់ឲ្យដឹងទៀតថា៖ ចំណែកគ្រោះថ្នាក់ចរាចរណ៍ ជាជម្ងឺមួយដ៏កាចសាហាវជាងជម្ងឺកូវីដ.១៩ទៅទៀត ដែលឆក់ជីវិតមនុស្សស្រស់ៗ ដូច្នេះទើបរាជរដ្ឋាភិបាលចាត់វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុក បណ្ដាលឲ្យមានអ្នកស្លាប់ របួសពិការ បង្កឲ្យមានកុមារកំព្រា និងការវិនាស ព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ ទៅហើយនោះ ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចកំណត់យក ឆ្នាំ២០២០នេះ ជាឆ្នាំបង្កើន ការរឹតបន្តឹង ការអនុវត្តច្បាប់ ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដែលវិធានការនេះមិនមែន ជាការដាក់បន្ទុក លើប្រជាពលរដ្ឋ នៅក្នុងស្ថានភាពលំបាក នៃជំងឺកូវីដ១៩នោះទេ ប៉ុន្តែគឺដើម្បីសេចក្ដីសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនិងរបស់បងប្អូន៕