សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បើកកិច្ចប្រជុំពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារ ត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្ត
នៅរសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន ប្រធាន គណៈកម្មាធិការសាខាបានអញ្ជេីញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដើម្បីពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារ ត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្ត។
កិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលប្រជុំ អគារC សាលាខេត្តរតនគិរី ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាជាច្រើនរូបទៀត។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖
១-ពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារ ត្រីមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារបន្ត
២-ពិនិត្យអនុម័ត របាយការណ៍ ហិរញ្ញវត្ថុ ត្រីមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារបន្ត
៣-ត្រួតពិនិត្យលើការងារ កៀរគរមូលនិធិ អបអរខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រសាញ់សន្តិភាព និង កាកបាទក្រហមកម្ពុជា»
៤-រៀបចំផែនការ បន្តនាំយកអំណោយ មនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន ចុះសួរសុខទុក្ខដល់គ្រួសារជនងាយគ្រោះក្នុងសហគមន៍ ។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធាន និងសមាជិកសមាជិកា គណៈកម្មាធិការសាខាបានអញ្ជើញ ទទួលអំណោយសប្បុរសជន អង្គភាពអគ្គិសនីរតនគិរី ដឹកនាំដោយលោក ប្រាក់ សម្បត្តិ អនុប្រធានអគ្គិសនីរតនគិរី ដែលបានឧបត្ថម្ភនូវថវិការចំនួន ៥០០០ដុល្លារអាមេរិក ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី អបអរខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គភាពអគ្គិសនីរតនគិរី ក៏ដូចជាសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលតែងតែឧបត្ថម្ភគាំទ្ររាល់សកម្មភាពការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីកន្លងមក ហើយសាខា នឹងប្រើប្រាស់អំណោយដ៏សប្បុរសធម៌នេះ ដើម្បីឆ្លើយតបទៅកាន់ជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេលវេលា ស្របតាមគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជា៕