អភិបាលខេត្តកែប ចុះពិនិត្យទីតាំងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់​នៅចំណុចអាស្រមលោកយាយម៉ៅ

ខេត្តកែប៖ ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប អមដំណើរដោយ លោក អ៊ុក ថា អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកស្រី អភិបាលក្រុងកែប និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញពិនិត្យទីតាំងមួយចំនួននៅតាមបណ្ដោយឆ្នេរលេងទឹក ចំណុច(ស្រី ស) និងទីតាំងកំពុងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ស្ថិតនៅខាងក្រោយអាស្រមលោកយាយម៉ៅ នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

ក្នុងដំណើរចុះត្រួតពិនិត្យនេះ ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានបញ្ជាក់ឱ្យដឹងថា ដើម្បីកែប្រែសោភ័ណភាពក្នុងទីប្រជុំជនខេត្តកែប ឱ្យកាន់តែមានភាពស្រស់បំព្រង គប្បីយើងទាំងអស់គ្នាចេះសំអាតបរិស្ថានឱ្យបានស្អាត ពិសេសកត្តាអនាម័យជាចម្បង។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងតម្រូវការដ៏ចាំបាច់ រដ្ឋបាលខេត្តនឹងបន្តការអនុវត្ត ពិសេសការកែលម្អនៅតាមដងផ្លូវសាធារណៈ មាត់ឆ្នេរលេងទឹក និងសាងសង់អាងប្រព្រឹត្តិកម្មសម្រាប់ចម្រោះទឹកកខ្វក់ ដែលគ្រោងនឹងបំពាក់ឧបករណ៍ដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២០ខាងមុខនេះ ដើម្បីបញ្ចៀសការបង្ហូរទឹកកខ្វក់ចូលទឹកសមុទ្រ ក្នុងតំបន់រមណីយដ្ឋានខេត្តទេសចរណ៍របស់យើង៕ by AKP

អត្ថបទដែលជាប់ទាក់ទង