អាជ្ញាធរខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកព្រៃឈរ
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ ២០២០ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា និង អនុសាខាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកព្រៃឈរ ចំនួន ៩គ្រួសារ។
ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ«ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។ ជាមួយគ្នានេះលោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយការលាងសំអាតដៃ ប្រើប្រាស់ម៉ាស់ ឬក្រម៉ា ឱ្យបានត្រឹមត្រូវ និងត្រូវថែរក្សា សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានជាប្រចាំ។
គួររំលឹកដែរថាខេត្តកំពង់ចាម៖ កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៣.៣០នាទី មានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់ និងរន្ទះ បណ្ដាលឱ្យរលំផ្ទះ ៤ខ្នង និងរបើកដំបូល ៤៨ខ្នង ក្នុងនោះស្រុកបាធាយ រលំផ្ទះ ១ខ្នង និងរបើកដំបូលផ្ទះ ២១ខ្នង ស្រុកព្រៃឈរ រលំផ្ទះ ១ខ្នង និងរបើកដំបូលផ្ទះ ៥ខ្នង ស្រុកជើងព្រៃរលំផ្ទះ២ខ្នង និងរបើកដំបូល ៣ខ្នង និងស្រុកចំការលើ របើកដំបូល ១៦ខ្នង៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម