រដ្ឋមន្រ្ដីក្រសួងការងារចែករំលែកព័ត៌មានអំពីវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ ដល់បណ្ដាប្រទេសអាស៊ាន
ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចែករំលែកព័ត៌មានអំពីគោលនយោបាយ និងវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ បានដាក់ចេញដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងការជួយឧបត្ថម្ភគំាទ្រដល់កម្មករ និយោជិត និយោជក និងជនងាយរងគ្រោះដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការងារអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពី “ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ” នៅទីស្តីការក្រសួងការងារ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ដែលមានរដ្ឋមន្ត្រីក្រសួងធនធានមនុស្សប្រទេសម៉ាទ្បេស៊ី ក្នុងអាណត្តិជាប្រធានបានដឹកនំាកិច្ចប្រជុំនេះ ព្រមជាមួយគ្នានោះដែរ នៅក្នុងវគ្គនៃកិច្ចប្រជុំបើកចំហ ក៏មានការចូលរួមពីលោក Guy Ryder អគ្គនាយកអង្គការអន្តរជាតិខាងការងារ(ILO) និងមានការចូលរួមពីភាពជាដៃគូជាមួយអាស៊ានដើម្បីរួមគ្នាក្នុងការទប់ស្កាត់ នៃការរីករាលដាល និងផលប៉ះពាល់នៃជំងឺកូវីដ-១៩នេះ។ នេះបើយោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងកិច្ចប្រជុំនេះដែរ ជាលទ្ធផល រដ្ឋមន្រ្តីការងារអាស៊ានបានអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី “ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ” ដែលមាន៩ចំណុច ក្នុងនោះផ្តោតសំខាន់ទៅលើការផ្តល់កិច្ចគំាទ្រដល់ជីវភាព និងសុខភាពរបស់កម្មករនិយោជិត ពលករទេសន្តរប្រវេសន៍ និងអ្នកធ្វើការក្នុងវិស័យដែលរងហានិភ័យខ្ពស់ ការធានាថាកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ ឬព្យួរកិច្ចសន្យាការងារទទួលបានការផ្តល់អត្ថប្រយោជន៍សមស្របតាមច្បាប់ លិខិតបទដ្ឋាន និងលទ្ធភាពនៃប្រទេសជាសមាជិក ការផ្តល់សេវាថែទំាសុខភាពដល់កម្មករនិយោជិតដែលឆ្លងជំងឺកូវីដ-១៩ ការពង្រឹងបន្ថែមប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយទីផ្សារការងារ បទដ្ឋានសុវត្ថិភាពនិងសុខភាពការងារ និងប្រព័ន្ធគំាពារសង្គម និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាមធ្យោបាយក្នុងការទំនាក់ទំនង និងពិគ្រោះយោបល់ក្នុងអំទ្បុងពេលមានការរឹតត្បិតជាបណ្តោះអាសន្ន។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំពិសេសនេះគឺជាការបង្ហាញពីភាពរឹងមំានៃស្មារតីសាមគ្គីភាពអាស៊ាន ដូចដែលមានចែងក្នុងបាវចនាអាស៊ាន “សហគមន៍តែមួយ វាសនាតែមួយ” ក្នុងការឆ្លើយតបរួមគ្នារបស់អាស៊ានចំពោះផលប៉ះពាល់នៃជំងឺកូវីដ-១៩៕ by AKP(ឡុង ស៊ីវ៉ាន់)