ប្រទេសម៉ាឡេស៊ីអាចនឹងអនុវត្តន៍ឡើវិញនូវវិធានការរឹតត្បិត
បរទេស៖ រដ្ឋាភិបាលម៉ាឡេស៊ីអាចនឹងអនុវត្តន៍ឡើងវិញនូវវិធានការគ្រប់គ្រងតឹងរឹងដើម្បីការពារការលេចចេញឡើងវិញ ដែលអាចកើតមានបាននូវការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អគ្គនាយករងនៃក្រសួងសុខាភិបាលរបស់ប្រទេសនេះ លោក Noor Hisham Abdullah បាននិយាយថា រដ្ឋាភិបាលនឹងបន្តឃ្លាំមើលយ៉ាងដិតដល់ទៅលើការអភិវឌ្ឍនៃជំងឺកូវីដ-១៩ បន្ទាប់ពីការបន្ធូរបន្ថយនូវការអនុវត្តបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរតាមលក្ខខណ្ឌ (CMCO) និងទម្រង់នៃបទបញ្ជានៃការគ្រប់គ្រងការធ្វើដំណើរ (MCO) ដែលបានចាប់ផ្តើមកាលពីពាក់កណ្តាលខែមីនា។
លោកបាននិយាយថា វានឹងវាយតម្លៃទៅលើលទ្ធផលបន្ទាប់ពីរយៈពេលពីរសប្តាហ៍ ដោយលោកបាននិយាយបន្ថែមថា ការវិលត្រឡប់របស់ MCO គឺមិនមានបញ្ហាអ្វីនោះទេ។
លោកបានកត់សម្គាល់ថា ប្រសិនបើចំនួននៃការឆ្លងត្រូវបានគ្រប់គ្រង នោះវិស័យជាច្រើននៃប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះនឹងចាប់ផ្តើមប្រតិបត្តិការឡើងវិញ។ ម៉្យាងទៀត វិធានការរឹតត្បិតយ៉ាងខ្លាំងនឹងត្រូវធ្វើឡើងប្រសិនបើមានករណីថ្មីបន្តកើនឡើង។
ប្រទេសម៉ាឡេស៊ីបានរាយការណ៍អំពីករណីថ្មីចំនួន៣៧ករណី កាលពីថ្ងៃទី១៣ ឧសភា ដោយក្នុងនោះមានពលករបរទេសចំនួន ២១នាក់ ដែលធ្វើឱ្យអ្នកជំងឺសរុបមានចំនួនដល់ទៅ ៦.៧៧៩នាក់ ដោយមានអ្នកស្លាប់ចំនួន ១១១នាក់៕ by AKP (ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)