Detail Top Banner

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅស្រុកវើនសៃ

នៅព្រឹកថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២០ មន្ទីរសាធារណការ និងដឹកជញ្ជូនពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅទីរួមស្រុកវើនសៃ ខេត្តរតនគិរី ដោយ សហការជាមួយនិងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីពញ្ញាក់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំង អស់ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
លោក ផា ថា ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានលើកឡើងថា៖ យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង អប់រំផ្សព្វផ្សាយណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាជាពិសេសពេលបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដាច់ខាត ត្រូវចេះគោរពសិទ្ធិ អាទិភាព និងមានការអធ្យាស្រ័យខ្ពស់។ រាល់ពេលបើកបរធ្វើយ៉ាងណាចូលរួមទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងកើតមានឡើងជារៀងរាល់ថ្ងៃគួរអោយព្រួយ បារម្ភ។
លោកបន្ដថាក្នុងយុទ្ធនាការនេះមានការរៀបចំជាសំណួរចម្លើយ ដើម្បីឲ្យអ្នកចូលរួមបានយល់ដឹងច្បាស់អំពីមូលហេតុដែលធ្វើឲ្យមានចំនួនអ្នកស្លាប់ជាច្រើនដោយគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃនៅទូទាំងប្រទេស និងមូលហេតុការស្លាប់របស់អ្នកទាំងនោះផងដែរ ហើយតាមរយៈចំណេះដឹងបន្ថែមពីយុទ្ធនាការនេះដែរ លោកជឿជាក់ថា បងប្អូននឹងបន្ថែមការការពារ និងប្រុងប្រយ័ត្ននៅពេលបើកបរ និងចូលរួមផ្សព្វផ្សាយបន្តដល់អ្នកដទៃទៀតឲ្យបានយល់ដឹងកាន់តែច្បាស់អំពីបញ្ហាគ្រោះថ្នាក់ទាំងអស់នេះ។
គួរបញ្ជាក់ថា ក្នុងយុទ្ធនាការនេះបានប្រើប្រាស់សម្ភារៈ និងឯកសារមួយចំនួនដូចជា៖
-មួកសុវត្ថិភាពចំនួន ៥០មួក
-សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ១២០ក្បាល
-សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តគួរយល់ដឹង ១២០ក្បាល
-ខិតបណ្ណជំនួយស្មារតី ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ១២០សន្លឹក
-ស្ទីកឃ័រចំណាំងផ្លាត ១២០សន្លឹក
-ស្ទីកឃ័រ “ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” ១២០សន្លឹក៕
អត្ថបទដែលជាប់ទាក់ទង