អភិបាលខេត្តកណ្តាលទទួលអំណោយមនុស្សធម៌ពីសប្បុរសជន មានគ្រឿងឧបភោគបរិភោគនិងថវិកា សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ខេត្តកណ្តាល៖ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះសប្បុរសជនដែលនាំយកអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគយ៉ាងសន្ធឹកសន្ធាប់មកផ្តល់ជូនរដ្ខបាលខេត្តកណ្តាលស្របពេលដែលឯកឧត្តមកំពុងស្វែងរកសប្បុរសជនជួយឧបត្ថម្ភជាស្បៀងអាហារនិងថវិកាសម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
ឯកឧត្តម គង់ សោភ័ណ្ណ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះសប្បុរសជននេះ គឺធ្វើឡើងនៅពេលដែលលោកស្រី ឈុំ ផល្លី សប្បុរសជននៅខេត្តកណ្តាល តាមរយៈឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល បាននាំយកអំណោយជាថវិកា 10000$( មួយម៉ឺនដុល្លារ )អង្ករចំនួន ៨តោន មី៥០កេស ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ០យួរ ទឹកបរិសុទ្ធ៥០កេស ជែលលាងដៃ ១៥កេស សរុបជាទឹកប្រាក់ស្មើ15265$( មួយម៉ឺនប្រាំពាន់ពីររយហុកប្រាំដុល្លារ )ប្រគល់ជូន​រដ្ឋបាល​ខេត្តកណ្តាល​នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។
ឯកឧត្តមបានថ្លែងទៀតថា មិនមែនជាលើកទី១ទេ ដែលលោកស្រី ឈុំ ផល្លី តែងតែជួយឧបត្ថម្ភជាអំណោយសប្បុរសជននោះ ជាក់ស្តែងដូចជានៅពេលនេះ បើទោះបីស្ថានភាពជំងឺកូវីដ-១៩មានលក្ខណៈល្អប្រសើរ និងមិនមានការចម្លងថ្មីនៅខេត្តកណ្តាលក៏ដូចទូទាំងប្រទេសកម្ពុជាក៏ដោយ ក៏លោកស្រី ឈុំ ផល្លី នៅតែបានបន្តចំណាយថវិកាផ្ទាល់ខ្លួន និងគ្រឿងឧបភោគបរិភោគដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ។
ឯកឧត្តមបានថ្លែងបន្តទៀតថា យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19នេះ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលលោកមានវិធានការទាន់ពេលវេលាជួយប្រជាពលរដ្ឋដែលបានឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ ចុះជួយប្រជាពលរដ្ឋ ចុះទៅផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋប្រើប្រាស់ឧបករសម្ភារៈដូចជាម៉ាស់ ដូចជាជែលលាងដៃ សាប៊ូលាងដៃ ជាថវិកា ជាអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធជាដើមជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះមានជីវភាពខ្វះខាតប្រភេទក្រ១ ក្រ២ ក្រអាទិភាពជាក់ស្តែងនៅតាមលំនៅឋាន។
ឯកឧត្តមបានថ្លែងបន្តទៀតថា ជំងឺកូវីដ-១៩ជាបញ្ហាសកលដែលស្ទើរគ្រប់ជាតិសាសន៍នៅលើពិភពលោកកំពុងមានការព្រួយបារម្ភ ប៉ុន្តែនៅកម្ពុជាវិញ បញ្ហាជំងឺដ៏កាចសាហាវនេះហាក់មានភាពល្អប្រសើរដោយមិនមានករណីកើតឡើងថ្មី រីឯអ្នករងគ្រោះដែលបានឆ្លងកន្លងមកក៏បានព្យាបាលជាសះស្បើយអស់ដែរ។
ប៉ុន្តែនៅកម្ពុជាបើទោះបីស្ថិតក្នុងស្ថានភាពល្អប្រសើរយ៉ាងនេះក្តី ថ្នាក់ដឹកនាំមិនបានព្រងើយកន្តើយ ឬធ្វេសប្រហែសនោះទេ ពោលគឺនៅតែមានការគិតគូរបន្តតាមរយៈការអប់រំផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីឱ្យពលរដ្ឋ គ្រប់មជ្ឈដ្ឋានចូលរួមក្នុងការបញ្ចៀសពីជំងឺដ៏កាចសាហាវនេះ ជាមួយអំណោយដ៏សន្ធឹកសន្ធាប់ របស់លោកស្រី ឈុំ ផល្លី ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ឯកឧត្តម នឹងប្រើប្រាស់អំណោយដ៏សប្បុរសធម៌នេះឱ្យបានចំគោលដៅស្របតាមបំណងប្រាថ្នារបស់លោកស្រី និងក្រុមគ្រួសារ៕
អត្ថបទដែលជាប់ទាក់ទង