ទិវាជីវៈចម្រុះអន្តរជាតិ ២២ឧសភា២០២០ ប្រព្រឹត្តឡើងក្រោមប្រធានបទ “ធម្មជាតិគឺជាដំណោះស្រាយនៃបញ្ហារបស់យើង”

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានរៀបចំយុទ្ធនាការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គម និងទូរទស្សន៍ដើម្បីអបអរសាទរទិវាជីវៈចម្រុះអន្តរជាតិ២២ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ “ធម្មជាតិគឺជាដំណោះស្រាយនៃបញ្ហារបស់យើង”។

ប្លែកពីការប្រារព្ធកម្មវិធីនៅទីវាលដូចបណ្ដាឆ្នាំកន្លងមក ក្នុងន័យដើម្បីទប់ស្កាត់ការចម្លងជំងឺCOVID-19 ដែលកំពុងតែបន្តរីករាលដាលនៅទូទាំងពិភពលោក ទិវាជីវៈចម្រុះអន្តរជាតិ ឆ្នាំ២០២០ នេះ ត្រូវបានរៀបចំជាលក្ខណៈវេទិកាជជែកពិភាក្សា និងផ្សព្វផ្សាយតាមបណ្តាញសង្គម និងទូរទស្សន៍ ដោយបានលេីកយកចំណុចសំខាន់ៗចំនួន៣ មកពិភាក្សារួមមាន៖ ១)កិច្ចសហប្រតិបត្តិការ និងការរៀបចំគោលនយោបាយ និងច្បាប់ជាតិពាក់ព័ន្ធនឹងជីវៈចម្រុះ ២)ហិរញ្ញប្បទាននវានុវត្តិដើម្បីអភិរក្សជីវៈចម្រុះ (PES) និង ៣)សារៈសំខាន់នៃការចូលរួមរបស់សហគមន៍តំបន់ការពារធម្មជាតិលើកិច្ចការអភិរក្សជីវៈចម្រុះ និងដោយមានការចូលរួមពីវាគ្មិនមកពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន។

សូមជម្រាបផងដែរថា ការប្រារព្ធទិវានេះ គឺបានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងការចូលរួមចំណែកយ៉ាងសកម្មលើការគ្រប់គ្រងធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី និងក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (UN-CBD) ក្នុងនាមជាប្រទេសហត្ថលេខី។ វេទិកាជជែកពិភាក្សាសម្រាប់អបអរសាទរទិវានេះ ក៏បានរួមចំណែកបង្កើនចំណេះដឹងដល់សាធារណជន និងលើកទឹកចិត្តឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ឱ្យរួមចំណែកក្នុងការអភិរក្សធនធានជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។


សម្រាប់ឆ្នាំ២០២០នេះ គឺជាឆ្នាំទី៧ នៃការប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិ២២ ឧសភា ហេីយក៏មានការចូលរួមពីបណ្តាមន្ទីរបរិស្ថានរាជធានី/ខេត្តចំនួន៧ រួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប កណ្តាល មណ្ឌលគិរី ពោធិ៍សាត់ កោះកុង និងខេត្តកែប ផងដែរ ដេីម្បីរួមគ្នាអបអរសាទរទិវាជីវ:ចម្រុះអន្តរជាតិនេះក្នុងពេលតែមួយ ដោយបានរៀបចំ និងចងបដាពាក្យស្លោកសម្រាប់ផ្សព្វផ្សាយនៅតាមទីប្រជុំជន និងទីសាធារណ:នានា៕



