ក្រសួងការពារជាតិ បន្ដលើកកម្ពស់សមត្ថភាពនាយទាហានស្ដីពីរដ្ឋបាល និងឋានលេខា

ក្រសួងការពារជាតិ បានបន្ដលើកកម្ពស់សមត្ថភាពនាយទាហានស្ដីពីរដ្ឋបាល និងឋានលេខាដើម្បីធ្វើយ៉ាងណាឱ្យមន្រ្ដីជំនាន់ក្រោយមានទាំងសមត្ថភាព គុណភាព សម្រាប់អភិវឌ្ឍអង្គភាព និងប្រទេសជាតិ។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា ឆ្នាំ២០១៩ និងបើកវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា ឆ្នាំ២០២០ នាព្រឹកថ្ងៃទី២២ ខែឧសភានេះ នៅសាកលវិទ្យាល័យការពារជាតិ(ឬស្សីកែវ) ឯកឧត្ដមនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលការងាររដ្ឋបាល និងឋានលេខានេះ គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្ស ស្របតាមផែនការកែទម្រង់ ខេមរៈភូមិន្ទ ដែលជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំងបួន នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។


ឯកឧត្ដមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល បានយកចិត្តទុកដាក់ប្រកបដោយឆន្ទៈខ្ពស់ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សដល់នាយទាហាន ដើម្បីបង្កើនសមត្ថភាព គុណភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្ដមឧត្តមសេនីយ៍ទោ ខៀវ ប៊ុនធឿន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល ខេមរភូមិន្ទ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខានេះ ផ្តោតការសិក្សាទៅលើខ្លឹមសារឯកសារមេរៀនសំខាន់ៗ រួមមាន៖ ទស្សនកិច្ចសិក្សាតំបន់ប្រវត្តិសាស្ត្រ វិមានឈ្នះឈ្នះ ការចរាចរលិខិតស្នាម ការបោះពុម្ព ការចងក្រងនិងតាក់តែងលិខិតស្នាម ការងារតម្កល់ឯកសារ បណ្ណាសារ ច្បាប់និងអនុក្រឹត្យពាក់ព័ន្ធ ខេមរភូមិន្ទ លំហាត់របៀប ការងាររដ្ឋបាល នីតិរដ្ឋធម្មនុញ្ញ ឋានលេខា សេនាធិការផែនទីនិងការងារប្រើប្រាស់ឧបករណ៍ នីតិអន្តរជាតិសាធារណៈ បញ្ហាព្រំដែន និងនីតិអន្តរជាតិសាធារណៈ ប្រព័ន្ធនីតិអាស៊ាន នីតិមុខងារសាធារណៈ ការងារគ្រប់គ្រងអង្គភាព នីតិហិរញ្ញវត្ថុសាធារណៈ និងនីតិពន្ធដារកម្ពុជា។


សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា ឆ្នាំ២០២០នាពេលនេះ មានសិក្ខាកាមចូលរួមសិក្សាមានចំនួន ១៦៩នាក់ ដែលជានាយទាហានមកពីបណ្តាស្ថាប័ន អង្គភាពចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃ ខេមរភូមិន្ទ៕

អត្ថបទដែលជាប់ទាក់ទង