ថ្នាំឆ្កួត សារជាតិញៀនជិត ៤គីឡូក្រាម ត្រូវបានសមត្ថកិច្ចជំនាញចុះបង្ក្រាប
ខេត្តកំពង់ស្ពឺ៖ ថ្នាំញៀន ថ្នាំឆ្កួត កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បើកការស្រាវជ្រាវ និងឈានទៅបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តកំពង់ស្ពឺ ៣គោលដៅផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យបាន២នាក់។
គោលដៅទី១៖ ធ្វើឡើងនៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យ(ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះទៅបង្រ្កាបនៅចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិ៍.ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង សុថានិត ភេទប្រុស កើតឆ្នាំ១៩៩២ ជនជាតិខ្មែរ ដកហូតវត្ថុតាង៖មេតំហ្វេតាមីន(ICE)ទម្ងន់ ៤១១.៥៦ក្រាម ។
គោលដៅទី២៖ ធ្វើឡើងនៅវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិ បុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពី ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង ជែមជីមី ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិខ្មែរ ដកហូតវត្ថុតាង៖ មេតំហ្វេតាមីន(ICE) ទម្ងន់៣.២៦៧.០៦ក្រាម អ៊ិចស្តាស៊ី(MDMA)ទម្ងន់១៧.៥០ក្រាម ឧបករណ៍គាបថង់ថ្នាំញៀន១គ្រឿង និងថង់ច្រកថ្នាំមួយចំនួន។
ដោយឡែកគោលដៅទី៣ ធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ចាប់យកវត្ថុតាងបន្ថែមប្រភេទមេតំហ្វេតាមីន(ICE) ២៥១.៦៨ក្រាម ជនសង្ស័យគេចខ្លួនបាត់ កម្លាំងជំនាញបានបន្តស្រាវជ្រាវ ។
សរុបទាំង៣គោលដៅខាងលើនេះ កម្លាំងជំនាញឃាត់មនុស្ស២នាក់ គ្រឿងញៀនសរុប ៣,៥៣៦.២៤ក្រាម៖ ១-មេតំហ្វេតាមីន(ICE)ទម្ងន់ ៣,៥១៨.៧៤ក្រាម ២-អ៉ិចស្តាស៊ី(MDMA)ទម្ងន់ ១៧.៥០ក្រាម ឧបករណ៍គាបថង់ថ្នាំញៀន១ គ្រឿងនិងថង់ច្រកថ្នាំមួយចំនួន ស្លាកលេខរថយន្ត ២បន្ទះ ។
យើងគ្រប់គ្នាបានដឹងហើយថា ថ្នាំឆ្កួត គឺថ្នាំញៀន វាបានបង្កឲ្យបងប្អូនប្រជាពលរដ្ឋជួបនឹងវិបត្តក្នុងគ្រួសារ ប្រសិនបើមានអ្នកប្រើប្រាស់ថ្នាំឆ្កួតទាំងនេះហើយ ដូច្នោះត្រូវជៀសឲ្យឆ្ងាយពីថ្នាំឆ្កួត និងនិយាយថា ” ទេ ” ចំពោះ”ថ្នាំឆ្កួត គឺ ថ្នាំញៀន”៕ by PATOM