សូមបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ-១៩

កាលពីសប្តាហ៍មុនប្រទេសយើងបានព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ បានជាសះស្បើយទាំង១២២នាក់ ប៉ុន្តែក្នុងសប្តាហ៍នេះ យើងក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់មកវិញ។
ស្ថិតិអ្នកឆ្លងជំងឺកូវីដ១៩ តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) មកទល់ពេលនេះ គឺបានកើនឡើងរហូតដល់ជិត៥លាននាក់ (៤៩៩៥៩៩៦) ដែលមានអ្នកស្លាប់ជាង ៣០ម៉ឺននាក់ (៣២៧៨២១) ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នេះគឺកាចសាហាវខ្លាំងណាស់ដែលកំពុងវាយលុកលើ ២១៦ ប្រទេស ប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់អំពីជំងឺឆ្លងដ៏កាចសាហាវនេះ និងត្រូវបង្កើនអនាម័យសុខភាពរស់នៅឲ្យបានល្អ គឺត្រូវពាក់ម៉ាស ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃអោយបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុល ឬចែលកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗ។
បើមានការសង្ស័យទៅលើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមទូរស័ព្វមកលេខ ១១៥ សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគពីគេមកក្រុមគ្រួសារយើងផងដែរ កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសទីកន្លែងដែលមានក្រុមមនុស្សច្រើន សូមស្តាប់នឹងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជានិច្ច។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍៕
សម្តេចតេជោ
អត្ថបទដែលជាប់ទាក់ទង