ប្រជាពលរដ្ឋ ជាង៣០០គ្រួសារនៅខេត្តបន្ទាយមានជ័យ ទទួលបានអំណោយមនុស្សធម៌កាកបាទក្រហម អាជ្ញាធរដែនដី
ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្វះខាតស្បៀងអាហារជាង ៣០០គ្រួសារ នៅក្នុងមូលដ្ឋានមួយចំនួនក្នុងក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា សមាជិកព្រឹទ្ធសភា និងអាជ្ញាធរដែនដីដើម្បីជួយជាចំណែកមួយ ក្នុងការទ្រទ្រង់ដល់ជីវិភាពរស់នៅ ដែលកំពុងជួបការលំបាកខណៈជំងឺកូវីដ-១៩ បាននឹងកំពុងមានការរាតត្បាត និងរងគ្រោះដោយសារកត្តាធម្មជាតិផ្សេងៗទៀត។
អំណោយមនុស្សធម៌នេះ ត្រូវបានក្រុមការងារចុះទៅចែកតាមគោលដៅរៀងៗខ្លួនកាលពីរសៀលថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែ ឧសភាឆ្នាំ២០២០ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ រួមនឹងរដ្ឋបាលក្រុងប៉ោយប៉ែតបាននាំយកស្បៀងអាហារ ទៅចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន ២៧០គ្រួសារ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
នៅរសៀលថ្ងៃនេះដែរ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌របស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ជូនគ្រួសាររងគ្រោះដោយសារ ខ្យល់កន្ត្រាក់ ៧គ្រួសារ អគ្គិភ័យ ២គ្រួសារ និងលង់ទឹកស្លាប់ ១នាក់ សរុបចំនួន ១០គ្រួសារ ដែលគ្រួសារមួយៗទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ឃីត១ កៅស៊ូតង់ ១ផ្ទាំង និង ថវិកា ១០ម៉ឺនរៀល។

ដោយឡែកនៅព្រឹកថ្ងៃនេះដែរឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការ ទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួប សំណេះសំណាល និងសួរសុខទុក្ខ ចែកអំណោយស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតចំនួន ២៥គ្រួសារ នៅឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ផងដែរ៕ by AKP(ឈុន សារ៉ាត)
