អំណោយជាសប្បុរសធម៌របស់អាជ្ញាធរខេត្ត ព្រះសង្ឃ និងសប្បុរសជន ផ្តល់េជូនពលរដ្ឋទីទាល់ក្រនៅក្រុងប៉ៃលិន

ខេត្តប៉ៃលិន៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរខេត្តប៉ៃលិន ដែលដឹកនាំដោយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត រួមដំណើរដោយ លោកជំទាវ ស៊ុ ហៀង សភាពាណិជ្ជកម្មខេត្ត និងព្រះមេគណខេត្ត ទាំង២ គណៈ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀង ចំនួន ៣០គ្រួសារ នៅភូមិពេជ្រគីរី និងភូមិ​អណ្តូងថ្ម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19។


ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយសារការព្រួយបារម្ភជាខ្លាំង ចំពោះជម្ងឺកូវីត-១៩ គឺធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច គ្រួសាររបស់ប្រជាពលរដ្ឋ ហើយជាក់ស្តែងនៅថ្ងៃនេះ អាជ្ញាធរខេត្ត សហការជាមួយព្រះមេគណខេត្តទាំង២គណៈ និងសប្បុរសជន បាននាំយកអំណោយ មកឧបត្ថម្ភដល់បងប្អូន ។


នៅក្នុងគ្រាលំបាកនេះ ឯកឧត្តមបានជំរុញខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត ដូចជាការបង្ករបង្កើន​ផលដាំដំណាំ និងការចិញ្ចឹមសត្វលក្ខណៈគ្រូសារឱ្យបានកាន់តែច្រើន ដើម្បីបង្កើនជីវភាពឱ្យបានធូធាជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់ពេលនៅកន្លែងសាធារណៈ និងលាងសម្អាតដៃឱ្យបានជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីត១៩។


ឯកឧត្តមបញ្ជាក់ថា ការជួយគ្នាក្នុងគ្រាលំបាកគឺជាការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និង បានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានា​ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម ជាពិសេសបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។


សូមបញ្ជាក់ថា ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ៣០គ្រួសារ ដែលលបានទទួលអំណោយពីអាជ្ញាធរខេត្ត និងព្រះសង្ឃ ព្រមទាំងសប្បុរសជន ក្នុង១គ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម មី ១កេស ឃីត ១កញ្ចប់ (ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស អំបិល ប៊ីចេង) និងថវិកា ចំនួន ២ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង