ឯកឧត្តម អ៊ុក ប្រាថ្នា ជំរុញដល់អង្គភាពផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ ត្រូវឈានមុខគេក្នុងការផ្សាយព័ត៌មានពិតត្រឹមត្រូវ ដើម្បីរួមគ្នាប្រឆាំង រាល់ព័ត៌មាន ក្លែងក្លាយ

ឯកឧត្តម អ៊ុក ប្រាថ្នា បានជំរុញដល់អង្គភាពផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ ត្រូវឈានមុខគេក្នុងការផ្សាយព័ត៌មានពិតត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា ដើម្បីរួមគ្នាប្រឆាំង ឆ្លើយតបទាន់ពេលនូវរាល់ ព័ត៌មាន ក្លែងក្លាយ។
ក្នុងកិច្ចប្រជុំគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន ជាមួយបណ្តាប្រធានមន្ទីរព័ត៌មាន ខេត្ត រាជធានីតាមរយៈប្រពន្ធ័ Videoconference កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានជំរុញដល់អង្គភាពផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ ពិសេសវិទ្យុ ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា AKP ត្រូវឈានមុខគេក្នុងការផ្សាយព័ត៌ មានពិតត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា ដើម្បីរួមគ្នាប្រឆាំង ឆ្លើយតបទាន់ពេលនូវរាល់ ព័ត៌មានក្លែងក្លាយ ដែលកើតមានឡើងជាច្រើននាពេលបច្ចុប្បន្ននេះ។ ជាងនេះទៅទៀតក៏ ត្រូវមានវិធានការរដ្ឋបាលចំពោះអ្នក ដែលបានផ្សព្ធផ្សាយព័ត៌មានមិនពិត នាំអោយមានការ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ។ ឯកឧត្តម សង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នឹងបន្តរួមសហការគ្នាតាមដានរាល់ព័ត៌មានក្លែងក្លាយ ដើម្បីក្រុមការងារវាយបក ឆ្លើយតបចំពោះអ្វីដែលមិនមែនជាការពិត។
ឯកឧត្តម បានបន្ដថា គណៈកម្មការនេះ មានភារកិច្ចតាមដានការផ្សាយព័ត៌មានក្លែងក្លាយ តាមប្រពន្ធ័ផ្សព្វផ្សាយនានា និងដំណឹងមិនពិត តាមបណ្តាញទំនាក់ទំនងសង្គម។ ធ្វើការឆ្លើយតបជូន សាធារណជនអោយបានទាន់ពេលវេលា តាមគ្រប់មធ្យោបាយដែលមានស្រាប់ ជាពិសេសត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ពន្ធ័ ឬក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម ដើម្បីរាំងខ្ទប់ (Block) គេហទំព័រ គណនី ឬទំព័រ(Page) ទាំងឡាយដែលផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មាននាំឲ្យមាន ការជ្រួលច្របល់ក្នុងសង្គម និងស្នើសុំគោលការណ៍ ដើម្បីអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់។
ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ក៏បានបញ្ជាក់ថា យើងមិនត្រឹមតែតាមដានព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ សម្រាប់ព័ត៌មានញុះញង់ ជេរប្រមាទថ្នាក់ដឹកនាំ ក៍ត្រូវត្រួតពិនិត្យតាមដានដែរ ។
«ទាក់ទងជាមួយនឹងការងារប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ យើងឃើញថា ក្នុងអំឡុងពេលដែលមានបញ្ហាប្រឈម ទាក់ទងជម្ងឺកូវីដ១៩នេះ ក្នុងចន្លោះខែមីនានិងខែមេសា យើងឃើញមានការរីកលូតលាស់ច្រើន ប៉ុន្តែមកដល់ពេលនេះ យើងឃើញវាមានចំនួនថយចុះ ប៉ុន្តែក្រុមការងារយើងនេះមិនមែនធ្វើតែការងារទាក់ទងជាមួយកូវីតទេ គឺយើងធ្វើការងារទាក់ទងប្រឆាំងនិង ព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ ជេរប្រមាទថ្នាក់ដឹកនាំ ក៍យើងត្រួតពិនិត្យមើលការងារនេះដែរ។ អញ្ចឹងយើងនឹងបន្តធ្វើការងារតាមដានការងាររហូតទាំងអស់ នេះរហូតទៅ អញ្ចឹងហើយបានជាថ្ងៃនេះ យើងមានកិច្ចប្រជុំដូចជាកិច្ចប្រជុំលើកដំបូងមួយ ដើម្បីបោះគណៈកម្មការ ដើម្បីធ្វើយ៉ាងណាយើងកំណត់នូវភារកិច្ច កំណត់នូវសកម្មភាពមួយចំនួន សម្រាប់ឲ្យក្រុមដែលជាសមាជិកសមាជិកាយើងនៅតែបន្តតាមដានការងារនេះតទៅទៀត។ ហើយចំណុចមួយទៀតដែរ ក៏យើងនឹងកំណត់ថា នឹងមានកិច្ចប្រជុំរបស់គណៈកម្មការរបៀបនេះ ជាទៀងទាត់ប្រចាំខែចាប់ពីពេលនេះទៅ ហើយនិងកិច្ចប្រជុំរបស់គណៈកម្មការចង្អៀតអីហ្នឹង ឲ្យវាទៀងទាត់ជារបៀបរបបការងារតែម្តង ឲ្យទៀងទាត់ចាប់ពីពេលនេះតទៅ»។
នៅក្នុងឱកាសនោះ បណ្តាជប្រធានមន្ទីរព័ត៌មាន តាមរាជធានី- ខេត្ត បានលើកឡើងពីព័ត៌មានក្លែងក្លាយ មួយចំនួនដែលកើតមានឡើង នៅក្នុងរាជធានី- ខេត្ត របស់ ខ្លួនហើយបាន និងបានស្នើសុំការណែនាំពី អាជ្ញាធរខេត្ត រាជធានី ពិសេសថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ៕

អត្ថបទដែលជាប់ទាក់ទង